(កូឡាឡាំពួរ)៖ វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្តម៉ាឡេស៊ី បានរកឃើញទម្រង់បំលែងថ្មីនៃជំងឺ COVID-19 ដែលមានឈ្មោះបច្ចេកទេសថា D614G ក្រោយពិនិត្យលើសំណាកអ្នកជំងឺ ៣នាក់ដែលមានប្រភពចម្លងចេញសង្កាត់ Sivagangga នៃប្រទេសឥណ្ឌា និងម្នាក់ទៀតចេញពីទីក្រុង Ulu Tiram រដ្ឋ Johor នៃប្រទេសម៉ាឡេសុី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន The Star នារសៀលថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត Noor Hisham Abdullah បានគូសបញ្ជាក់ថា អំបូរថ្មីនេះគឺជាទម្រង់បំលែងខ្លួនចេញពីវីរុស Sars-CoV-2 ដែលជាវីរុសបង្កឲ្យមានជំងឺរាតត្បាតសកល Covid-19 ខណៈអំបូរនេះទៀតសោត វាអាចឆ្លងរាលដាលលឿនរហ័សជាងវីរុសដែលបានរកឃើញដំបូងនៅទីក្រុងវូហានទៅទៀត។

លោកបានសង្កត់ធ្ងន់ទៀតថា ទម្រង់ បំលែង D614G នៃជំងឺ COVID-19 ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញតាំងពីខែកក្កដា ឆ្នាំ ២០២០ មកម្លេះ ដែលទំនងជាវិវឌ្ឍចេញពីការសិក្សាលើវ៉ាក់សាំងដែលគ្មានប្រសិទ្ធភាព ឬមិនពេញលេញ។ ទន្ទឹងនឹងនេះ មន្ត្រីសុខាភិបាលជាន់ខ្ពស់រូបនោះ បានធ្វើការណែនាំដល់សាធារណជនទាំងអស់ ឲ្យបន្តអនុវត្តវិធានការបង្ការឲ្យបានខ្ជាប់ខ្ជួនដូចជា ការរក្សាគម្លាតសុវត្ថិភាព ការពាក់ម៉ាស់ និងការរក្សាអនាម័យផ្ទាល់ខ្លួនជាដើម។

គួរជម្រាបថា រហូតមកដល់ពេលនេះម៉ាឡេសុី បានកត់ត្រាករណីឆ្លង COVID-19 សរុបជាង ៩,២០០ករណី ក្នុងនោះមនុស្ស ១២៥នាក់ស្លាប់ និង ៨,៨៥៩នាក់ទៀតបានជាសះស្បើយឡើងវិញ៕