(បរទេស)÷ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងនាំយកសង្វាក់ផលិតកម្មស្មាតហ្វូនទាំងអស់ទៅដាក់នៅប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន GSM Arena នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។

សារព័ត៌មាន GSM Arena បានដកស្រង់តាមកាសែត The Economic Times ថា នៅពេលនេះ ក្រុមហ៊ុន Samsung មានទំនាក់ទំនងកាន់តែស្និទ្ធស្នាលជាមួយរដ្ឋាភិបាលឥណ្ឌា ហើយគ្រោងនឹងចំណាយ ៤០ពាន់លានដុល្លារ សម្រាប់ផលិតផលស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌា។

បើតាមការបញ្ជាក់ពីប្រភពខាងលើ បានឱ្យដឹងថា ក្រុមហ៊ុន Samsung គ្រោងនាំយកសង្វាក់ផលិតកម្មស្មាតហ្វូនពីប្រទេសវៀតណាម និងកូរ៉េខាងត្បូងទៅកាន់ប្រទេសឥណ្ឌា ពោលគឺមានតែនៅប្រទេសឥណ្ឌាតែមួយគត់។

គួរបញ្ជាក់ផងដែរថា ចិនជាប្រទេសធំទី១របស់ Samsung ដែលមានរោងចក្រ និងផលិតស្មាតហ្វូនច្រើនជាងគេ ប៉ុន្តែកាលពីឆ្នាំមុននេះ Samsung បានដករោងចក្រដែលមាននៅចិន ទៅដាក់នៅឥណ្ឌាទាំងអស់ ខណៈចំណែកវៀតណាមជាប្រទេសទី២ ដែលមានរោងចក្រ និងផលិតស្មាតហ្វូនបសនច្រើនជាងគេ៕