(សេអ៊ូល)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១៩៧នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ១៥,៥១៥ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះមាន ៨៩នាក់បានរាយការណ៍ចេញពីទីក្រុងសេអ៊ូល និង៦៧នាក់ទៀតចេញពីខេត្ត Gyeonggi។ សម្រាប់ករណីស្លាប់ថ្មីវិញគឺមិនមានឡើយ ដោយនៅត្រឹម៣០៥នាក់ដដែល។ ទន្ទឹមគ្នានេះ អ្នកជំងឺ៧នាក់ទើបតែបានជាសះស្បើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់១៣,៩១៧នាក់ ឬស្មើនឹង ៨៩.៧០%នៃករណីឆ្លងនៅទូទាំងប្រទេស។

គួរជម្រាបថា បួនថ្ងៃជាប់ៗគ្នាចុងក្រោយនេះ អត្រានៃអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងយ៉ាងគំហុក។ ជាក់ស្តែងកាលពីថ្ងៃសុក្រ ទី១៤ ខែសីហាកន្លងទៅនេះ ត្រូវបានគេរាយការណ៍ថាមានករណីឆ្លងថ្មីៗចំនួន ១០៣នាក់, នៅថ្ងៃបន្ទាប់មាន ១៦៦នាក់ និងបន្ទាប់មកទៀតមាន ២៧៩នាក់ ដែលជាតួលេខខ្ពស់បំផុតគិតចាប់តាំងពីដើមខែមីនាមក។

រាប់ចាប់តាំងពីដើមខែមករា ឆ្នាំ២០២០មក កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សជាង១.៦៨លាននាក់៕