(វ៉ាលីនតោន)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃចន្ទនេះបានសម្រេចប្រកាសពន្យាពេលនៃការបោះឆ្នោតសកល នៃប្រទេសនេះដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ទៅថ្ងៃទី១៧ ខែតុលាខាងមុខវិញដោយសារការផ្ទុះឡើងសាជាថ្មីនៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២០។

តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃចន្ទនេះ លោកស្រី Ardern បានលោកឡើងយ៉ាងដូច្នេះថា «រហូតដល់ថ្ងៃទី១៧ ខែតុលា…វានឹងផ្តល់ពេលវេលាគ្រប់គ្រាន់ សម្រាប់ភាគីនានា ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់នៅចំពោះកាលៈទេសៈបែបនេះ»

សម្ពាធជាច្រើនបានធ្លាក់មកលើលោកស្រីនាយករដ្ឋមន្ត្រី ដើម្បីទាមទារពន្យាការបោះឆ្នោតសកល ចំពេលដែលមានការលេចចេញជាថ្មី នៃការឆ្លងរីករាលដាល COVID-19 នៅក្នុងទីក្រុង Auckland ដែលជាទីក្រុងធំបំផុតរបស់ខ្លួន បន្ទាប់ពីប្រទេសនេះពុំបានរាយការណ៍ពីករណីឆ្លងថ្មី អស់រយៈពេល១០២ថ្ងៃមកហើយនោះ។

គណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសនេះ ក៏ចង់ឲ្យមានការពន្យាពេលនៃការបោះឆ្នោតសកលដែលគ្រោងនឹងប្រព្រឹត្តិនៅថ្ងៃទី១៩ ខែកញ្ញាខាងមុខដូចគ្នាដែរ ដ្បិតថាពួកគេត្រូវបានបង្ខំឲ្យលុបចោលព្រឹត្តិការណ៍យុទ្ធនាការបោះឆ្នោត ដោយសារតែវិធានការរឹតត្បិតរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺរាតត្បាតសកល។

គួរជម្រាបថា ប្រទេសនូវែលសេឡង់ ដែលមិនបានរាយការណ៍ពីករណីឆ្លងថ្មីៗ នៅក្នុងសហគមន៍ សម្រាប់រយៈពេលជាង ៣ខែកន្លងមក និងធ្លាប់បានប្រកាសពីភាពជោគជ័យលើ COVID-19 ម្តងរួចហើយនោះ នាប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសដែនកោះមួយនេះ បានរាយការណ៍ពីករណីឆ្លងថ្មីៗ ខ្ទង់ ១០ករណីលើសខ្វះតិចតួចជាប្រចាំ។ ជាក់ស្តែងកាលពីថ្ងៃអាទិត្យម្សិលមិញ នូវែលសេឡង់បានរាយការណ៍ករណីឆ្លងថ្មីចំនួន ១៣ករណី និងនៅថ្ងៃចន្ទនេះ ០៩ករណីបន្ថែម។

បច្ចុប្បន្នប្រទេសនូវែលសេឡង់ មានករណីឆ្លង COVID-19 សរុបចំនួនជាង ១,៦០០ករណី ក្នុងនោះស្លាប់ ២២នាក់ និងជាសះស្បើយជាង ១,៥០០នាក់៕