(ម៉ានីឡា)៖ អាជ្ញាធរសុខាភិបាលហ្វីលីពីន នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៣,៤២០ករណី និងស្លាប់ ៦៥នាក់បន្ថែម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ជាមួយនឹងករណីថ្មីៗខាងលើ នាំឲ្យប្រទេសហ្វីលីពីនបច្ចុប្បន្នមានករណីឆ្លង COVID-19 សរុបចំនួន ១៦១,២៥៣ករណី ក្នុងនោះស្លាប់ ២,៦៦៥នាក់។

គួរជម្រាបថា នារយៈពេលចុងក្រោយនេះ សន្ទុះនៃករណីឆ្លងនិងស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះត្រូវបានគេមើលឃើញថា មានការកើនឡើងយ៉ាងគំហុក។ បច្ចុប្បន្ន ហ្វីលីពីនគឺជាប្រទេសជាប់លំដាប់ថ្នាក់លេខ១ ប្រចាំអាស៊ាន ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត៕