(ញូដេលី)៖ ទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌា បានបង្ហាញថានៅថ្ងៃអាទិត្យនេះ ករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសឥណ្ឌា បានកើនដល់ ២,៥៨៩,៦៨២នាក់ ក្នុងនោះស្លាប់ ៤៩,៩៨០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នាថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០។

ការកើនឡើងនៃតួលេខអ្នកឆ្លងនិងស្លាប់នេះ គឺបន្ទាប់ពីមានអ្នកឆ្លងថ្មី ៦៣,៤៩០នាក់ និងស្លាប់ថ្មី៩៤៤នាក់។ មានមនុស្ស៦៧៧,៤៤៤នាក់ ដែលកំពុងបន្តសម្រាកព្យាបាលជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា ខណៈក្នុងចំណោមអ្នកដែលបានឆ្លងជិត ២.៦លាននាក់នោះ គឺមាន ១,៨៦២,២៥៨នាក់ ឬស្មើនឹងជិត៧២ភាគរយ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយទទួលការព្យាបាលជោគជ័យ។

គួរជម្រាបថា ជាមួយគ្នានេះ ក្រុមអ្នកវិទ្យាសាស្រ្តឥណ្ឌាកំពុងតែខ្នះខ្នែងអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 ជាខ្លាំង។ កាលពីថ្ងៃសៅរ៍ម្សិលមិញ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានប្រកាសថា វ៉ាក់សាំងចំនួន៣ប្រភេទ កំពុងស្ថិតក្នុងការធ្វើតេស្តនៅដំណាក់កាលខុសៗគ្នា ហើយបានប្តេជ្ញាយ៉ាងមុតមាំថា ប្រទេសលោកនឹងយកឈ្នះវីរុសដ៏កាចសាហាវនេះឲ្យបាន៕