(កាត្មាន់ឌូ)៖ កងកម្លាំងប៉ូលិសនិងយោធានេប៉ាល់ នៅថ្ងៃអាទិត្យនេះបាននិងកំពុងបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះ ក្នុងគ្រោះបំណាក់ដីដ៏អាក្រក់មួយ ដែលបានសម្លាប់មនុស្សយ៉ាងតិច១៨នាក់ នៅភាគកណ្តាលប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០។

ហេតុការណ៍បំណាក់ដីខាងលើ បានកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយមកទល់ឥឡូវសាកសពមនុស្ស១៨នាក់ ត្រូវបានរកឃើញនៅក្នុងស្រុក Sindhupalchowk នៃខេត្ត Bagmati Pradesh ភាគកណ្តាលប្រទេសនេប៉ាល់ ខណៈមនុស្ស២១នាក់ទៀត កំពុងតែបន្តបាត់ខ្លួននៅឡើយ។

គួរជម្រាបថា ក្នុងចំណោមសាកសពមនុស្សទាំង១៨នាក់នោះ មាន១១នាក់ជាកុមារ ៤នាក់ជាស្រ្តី និង៣នាក់ជាបុរស។ គ្រោះបំណាក់ដីនោះ បានបង្កការបំផ្លិចបំផ្លាញចំពោះលំនៅឋានចំនួន៣៧ខ្នង ក្នុងចំណោមលំនៅឋានសរុបប្រមាណជិត១៧០ខ្នង នៅភូមិមួយឈ្មោះថា Lidi ដែលស្ថិតនៅជម្រាលភ្នំ៕