(វ៉ាស៉ីនតោន)៖ លោក Allan Lichtman ដែលជាសាស្រ្តាចារ្យប្រវត្តិសាស្រ្តម្នាក់នៅឯសាកលវិទ្យាល័យ American University គឺជាបុគ្គលល្បី ខាងព្យាករណ៍លទ្ធផលនៃរាល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក មិនដែលខុសម្តងណាឡើយចាប់តាំងតែពីឆ្នាំ១៩៨៤មក គឺតាំងពីជំនាន់លោក Ronald Reagan ហើយក្នុងនោះរួមមានទាំងជ័យជម្នះដែលមនុស្សភាគច្រើននឹកស្មានពុំដល់ របស់លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៦ផងដែរ ៕ នេះបើតាមការចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០។

សម្រាប់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុខវិញ លោក Lichtman បានទាយថាលោក ចូ បៃដិន ដែលជាអតីតអនុប្រធានាធិបតីពីរអាណត្តិរបស់លោក បារ៉ាក់ អូបាម៉ា នឹងទទួលជ័យជម្នះ។ ក្នុងបទសម្ភាសន៍មួយជាមួយ ទីភ្នាក់ងារព័ត៌មាន AFP លោក Litchtman បានលើកឡើងថា ប៉ុន្តែវាមិនមែនដោយសារលោក បៃដិន ឬក៏លោក ត្រាំ ផ្ទាល់ទេ។

លោកសាស្រ្តាចារ្យប្រវត្តិសាស្រ្តរូបនេះ បានផ្អែកការព្យាករណ៍របស់លោកទៅលើគោលការណ៍ម៉្យាង ដែលលោកហៅថាគន្លឹះសំខាន់ទាំង១៣ ដើម្បីឆ្ពោះទៅកាន់សេតវិមាន។ ក្នុងនោះរួមមានកត្តាទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសង្គម និងចំណុចមួយចំនួនទៀត។ តាមពិតទៅ កាលពី ២០១៩ លោក Lichtman យល់ថា លោក ត្រាំ មានឱកាសគ្រប់គ្រាន់ ដើម្បីជាប់ឆ្នោតមួយអាណត្តិទៀត តែតាំងពីនោះ លោក ត្រាំ បានបង្កកំហុសធំមួយ តាមរយៈការគិតថា លោកអាចនិយាយយករួចខ្លួនពីវិបត្តិផ្សេងៗ ដូចជា COVID-19 ភាពអយុត្តិធម៌ក្នុង សង្គម និងការធ្លាក់ចុះសេដ្ឋកិច្ចជាដើម។

ជាចុងក្រោយលោក Allan Lichtman ក៏បានបញ្ជាក់ដែរថា មានចំណុចសំខាន់ចំនួនពីរ ដែលអាចប៉ះពាល់ដល់លទ្ធផលឆ្នោត ដោយពុំអាចស្មានទុកបាន គឺការដាក់កំហិតធ្វើឲ្យប្រជាជនពិបាកក្នុងការបោះឆ្នោត ដ្បិតលោក ត្រាំ មិនចង់ឲ្យមានការបោះឆ្នោត តាមរយៈប្រៃសណីយ៍ឡើយ។ មួយទៀតគឺការចូលលូកលាន់ពីសំណាក់រុស្ស៉ី៕