(ញ៉ូយក)៖ សេចក្តីថ្លែងការណ៍មួយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ប្អូនប្រុសបង្កើតរបស់លោក គឺលោក រ៉ូបឺត ត្រាំ (Robert Trump) បានទទួលមរណភាពនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) ក្នុងវ័យ៧១ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Associated Press នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០។

លោក ត្រាំ បានទៅសួរសុខទុក្ខលោក រ៉ូបឺត ត្រាំ នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងញូយ៉កកាលពីថ្ងៃសុក្រ ក្រោយទទួលបានដំណឹងពីក្រុមមន្រ្តីនៅសេតវិមានថា លោក រ៉ូបឺត ត្រូវបានបញ្ជូនទៅកាន់ទីនោះ បន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់។ ជុំវិញការបាត់បង់ប្អូនប្រុសបង្កើតរបស់ខ្លួន លោក ដូណាល់ ត្រាំ បានសម្តែងការសោកស្តាយជាពន់ពេក។

គួរជម្រាបថា លោក រ៉ូបឺត ត្រាំ បានចាប់ផ្តើមអាជីពរបស់ខ្លួន នៅតំបន់ផ្សារហ៊ុន Wall Street ប៉ុន្តែក្រោយមកក៏បានចូលរួមក្នុងជំនួញគ្រួសារត្រកូល ត្រាំ វិញ ហើយបានក្លាយជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃក្រុមហ៊ុនចលនទ្រព្យ Trump Organization។ លោក ដូណាល់ ត្រាំ មានបងប្អូនបង្កើតសរុប៤នាក់ ក្នុងនោះមានបងប្រុសម្នាក់ឈ្មោះ Fred Trump Jr. បងស្រីពីរនាក់ឈ្មោះ Maryanne Trump និង Elizabeth Trump ព្រមទាំងប្អូនប្រុសម្នាក់គឺលោក Robert នេះឯង៕