(ម៉ូស្គូ)៖ រុស្ស៊ី បានចាប់ផ្ដើមផលិតវ៉ាក់សាំង COVID-19 សម្រាប់កញ្ចប់ដំបូងហើយនៅថ្ងៃសៅរ៍នេះ។ នេះបើតាមការតាមក្រសួងសុខាភិបាលរុស្ស៊ី ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារកន្លងទៅ បានប្រកាសថាប្រទេសរបស់លោកបានផលិតវ៉ាក់សាំង COVID-19 ដោយជោគជ័យ និងបានចុះបញ្ជី ទទួលស្គាល់ដំបូងគេបំផុតនៅលើពិភពលោក បើទោះជាមានការរិះគន់ និងសង្ស័យពីប្រសិទ្ធភាពពីសំណាក់អ្នកជំនាញលោកខាងលិចក៏ដោយ។ វ៉ាក់សាំងនេះ ត្រូវបាន ដាក់ឈ្មោះថា Sputnik V ជាឈ្មោះយកតាមផ្កាយរណបដែលអតីតសហភាពសូវៀត បាញ់បង្ហោះទៅកាន់ទីអវកាសកាលពីឆ្នាំ១៩៥៧។

វ៉ាក់សាំង Sputnik V ត្រូវបានអភិវឌ្ឍឡើងដោយវិទ្យាស្ថាន Gamaleya មានមូលដ្ឋានក្នុងទីក្រុងម៉ូស្គ ហើយបើតាមរដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក Mikhail Murashko រុស្ស៊ីនឹងនាំចេញវ៉ាក់សាំងទៅកាន់ប្រទេសដទៃ នៅពេលដែលពលរដ្ឋរុស្ស៊ីទទួលបានការចាក់វ៉ាក់សាំងជាមុនសិន ខណៈក្រុមបុគ្គលិកសុខាភិបាល និងក្រុមជនងាយ រងគ្រោះ ត្រូវបានគេរំពឹងថានឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។

គួរជម្រាបថា បច្ចុប្បន្ន រុស្ស៊ី មានអ្នកឆ្លង COVID-19 សរុប ៩១៧,៨៨៤នាក់ ក្នុងនោះស្លាប់១៥,៦១៧នាក់ និងជាសះស្បើយឡើងវិញ ៧២៩,៤១១នាក់៕