(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាស្សាន់ រូហានី នៅថ្ងៃសៅរ៍នេះ បាននិយាយថាអេមីរ៉ាតអារ៉ាប់រួម បានប្រព្រឹត្តទង្វើក្បត់ និងកំហុសមួយដ៏ធំ តាមរយៈការឈាន ដល់កិច្ចព្រមព្រៀងចងស្ពានមេត្រីភាពជាមួយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០។

កិច្ចព្រមព្រៀងចងស្ពានមេត្រីភាពរវាងអ៉ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ ហើយបើតាមកិច្ចព្រមព្រៀងនេះ អ៉ីស្រាអែលនឹងផ្អាកការកាត់យកទឹកដីប៉ាឡេស្ទីននៅតំបន់វេសប៊ែង (West Bank) និងផ្តោតការខិតខំរបស់ខ្លួននៅពេលនេះ លើការពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសដទៃទៀត នៃពិភពអារ៉ាប់ និងមូស្លីម។ កិច្ចព្រមព្រៀងនេះទៀតសោត ធ្វើឲ្យអេមីរ៉ាត់អារ៉ាប់រួម ក្លាយជារដ្ឋអារ៉ាប់ក្នុង តំបន់ឈូងសមុទ្រដំបូងគេបំផុត និងជាប្រជាជាតិអារ៉ាប់ទី៣ បន្ទាប់ពីអេហ្ស៊ីប និងហ្ស៊កដានី ដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែល។

ប៉ុន្តែទន្ទឹមគ្នា ប៉ាឡេស្ទីន និងតួកគី បានចាត់ទុកថានេះគឺជា «ទង្វើក្បត់» ហើយសូម្បីតែអ៉ីរ៉ង់ ក៏បានចេញមុខថ្កោលទោសការសម្រេចចិត្តនេះផងដែរ បើទោះជា អេមីរ៉ាតអារ៉ាប់រួម អះអាងថាវាជាការបោះជំហានមួយឆ្ពោះទៅរកសន្តិភាពក៏ដោយ។ ថ្លែងនៅលើគេហទំព័រផ្ទាល់ខ្លួន ប្រធានាធិបតីអ៉ីរ៉ង់បានគូសបញ្ជាក់ដូច្នេះថា៖ «ពួកគេ (អេមីរ៉ាតអារ៉ាប់រួម) កំពុងប្រព្រឹត្តកំហុសមួយដ៏ធំ និងជាទង្វើក្បត់...តែយើងសង្ឃឹមថាពួកគេនឹងដឹងខ្លួន ហើយបោះបង់ចោលផ្លូវខុសមួយនេះ»។

លោក រូហានី បន្ថែមទៀតថា កិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម គ្រាន់តែជាឧបករណ៍មួយដែលលោក ដូណាល់ ត្រាំ ប្រើប្រាស់ជានយោបាយទាក់ទាញ សន្លឹកឆ្នោត មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ចូលមកដល់តែប៉ុណ្ណោះ៕