(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នៅទីបំផុតកោះតៃវ៉ាន់បានសម្រេចជាផ្លូវការហើយ ទៅលើកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-16 ពីក្រុមហ៊ុនអាមេរិក ឡុកឃីដម៉ាទីន (Lockheed Martin) ដោយវានឹងក្លាយជាការដុតកំហឹងបន្ថែមទៀត ទៅដល់ទីក្រុងប៉េកាំង ដែលកន្លងមកបានព្រមានទាំងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក មិនឲ្យមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នានោះឡើយ។

២៖ កាលីហ្វ័រញ៉ាជារដ្ឋដែលមានប្រជាជន ច្រើនជាងគេបំផុតប្រមាណជាង ៤០លាននាក់នៃសហរដ្ឋអាមេរិក ក៏បានក្លាយជារដ្ឋដំបូងគេដែលមានករណីឆ្លង COVID-19 លោតដល់ជាង ៦០០,០០០ករណីមុនគេផងដែរ។

៣៖ ក្រសួងសុខាភិបាលប្រេស៊ីលនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល) បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៥០,៦៤៤នាក់បន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ៣,២៧៥,៥២០ករណី។

៤៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានបញ្ជូនសារគោរពវិញ្ញាណក្ខន្ធ ដល់វីរៈជប៉ុនដែលពលីជីវិតកំឡុងសម័យសង្រ្គាម ទៅកាន់ទីសក្ការៈ យ៉ាស៊ូគូនី (Yasukuni) នៅព្រឹកថ្ងៃសៅរ៍នេះដែលចំខួបឆ្នាំទី ៧៥ នៃការចុះចាញ់របស់ជប៉ុននៅក្នុង សង្រ្គាមលោកលើកទី ២។ ប៉ុន្តែផ្ទុយពីសព្វដង លោក អាបេ មិនបានចូលរួមគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់នោះទេ។

៥៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) បានបដិសេធការបន្តសុពលភាព ទណ្ឌកម្មអាវុធប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីដំណោះស្រាយ ព្រាងឡើងដោយសហរដ្ឋអាមេរិក មិនបានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកទាំងអស់។

៦៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានចេញសារព្រមានចិនជាថ្មីម្ដងទៀត ជុំវិញភាពតានតឹងនៅឯតំបន់ជម្លោះព្រំដែន រវាងមហាយក្សអាស៊ីទាំង ២ ដោយថែមទាំងប្រើប្រាស់សុន្ទរកថាដ៏សំខាន់ប្រចាំឆ្នាំនេះ ដើម្បីសន្យាពង្រឹងសមត្ថភាពយោធាឥណ្ឌា ឲ្យកាន់តែខ្លាំងក្លាថែមទៀតផង៕