(វ៉ាស៊ីនតោន)៖ មន្ទីរការពារជាតិអាមេរិកបញ្ចកោណ បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងបង្កើតកងអង្គភាពពិសេសថ្មីមួយ ដែលចំណុះឲ្យកងទ័ពជើងទឹកអាមេរិក និងមានតួនាទីឃ្លាំងមើលវត្ថុហោះហើរ មិនអាចកំណត់ប្រភព ឬអត្តសញ្ញាណ ឬដែលមនុស្សគ្រប់គ្នានិយមហៅថា UFO នោះ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី ស៊ូសាន ហ្គស ( Susan Gough) បានលើកឡើងថា កងអង្គភាពថ្មីខាងលើនេះ មានឈ្មោះជាផ្លូវការថា ក្រុមការងារពិសេសតាមដាន វត្ថុអវកាសមិនស្គាល់អត្តសញ្ញាណ (Unidentified Aerial Phenomena Task Force ឬ UAPTF) នឹងជួយឲ្យក្រសួងការពារជាតិ ស្វែងយល់ឲ្យបានស៊ីជម្រៅអំពីធម្មជាតិ ឬក៏ប្រភពដើមនៃ UAPs (unidentified aerial phenomena ឬ បាតុភូតអាកាសមិនស្គាល់អត្តសញ្ញាណ ដែលយើងអាចតែម្តងហៅថា UFOs)។

បើតាមកិច្ចប្រជុំនៅក្នុងមន្ទីរបញ្ចកោណ សហរដ្ឋអាមេរិកហាក់មិនបានផ្តោតសំខាន់ថា UFOs ទាំងនោះមានប្រភពមកពីមនុស្សក្រៅភព ឬក៏អេលៀនអ្វីនោះឡើយ ប៉ុន្តែអាមេរិកមានការសង្ស័យថា វាអាចជាយន្តហោះសម្ងាត់របស់ប្រទេសណាមួយ ហើយអ្នកដែលអាមេរិក បានបង្ហាញការសង្ស័យជាងគេនោះ គឺប្រទេសចិនតែម្តង ព្រោះមួយរយៈចុងក្រោយនេះ បច្ចេកវិទ្យាដ្រូនរបស់ចិន មានការរីកចំរើនជាខ្លាំង។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ដេវីដ ណ័រឃ្វីស (David Norquist) បានអនុម័តឲ្យមានការបង្កើតកងអង្គភាព UAPTF ខាងលើនេះ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។ ក្រុមការងារថ្មីនេះ នឹងត្រូវធ្វើការងាររួមគ្នា ជាមួយក្រុមការងារដែលមានស្រាប់តែមិនទាន់ផ្លូវការ ដែលត្រូវបានបង្កើតឡើង ដោយមន្ទីរបញ្ចកោណដូចគ្នាកាលពីឆ្នាំ២០១៧។

គួររំលឹកថា កាលពីចុងខែមេសា ឆ្នាំ២០២០ សហរដ្ឋអាមេរិក បានសម្រេចទម្លាយវីដេអូមួយចំនួនទាក់ទងនឹង UFO។ វីដេអូដែលត្រូវបានទម្លាយគឺមានចំនួន ០៣ឃ្លីប ដែលដូចទៅហ្នឹងខ្សែវីដេអូត្រូវបានបែកធ្លាយ នាប៉ុន្មានឆ្នាំមកនេះដែរ ដោយវាបង្ហាញអំពីសកម្មភាពនៃវត្ថុដែលគេមិនស្គាល់អត្តសញ្ញាណ ឬមនុស្សសាមញ្ញតែងហៅថា UFO ហោះរេពីលើផ្ទៃពពក និងសមុទ្រ ខណៈកាមេរ៉ាលើយន្តហោះចម្បាំង ព្យាយាមចាប់យកសកម្មភាព ដើម្បីកំណត់រូបរាងរបស់ UFO នោះឲ្យច្បាស់លាស់ តែនៅតែមិនអាចធ្វើបាន។

សម្រាប់វីដេអូមួយ ដែលត្រូវបានថតកាលពីឆ្នាំ២០០៤ គឺស្ថិតនៅក្បែរតំបន់ឆ្នេរ នៃភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា ខណៈវីដេអូ ០២ទៀត ត្រូវបានថតដោយពីឡុត នៅលើយន្តហោះចម្បាំង F-18 ស្ថិតនៅបណ្តោយឆ្នេរមហាសមុទ្រអាត្លង់ទិច នៃភាគខាងកើតសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៥។ សម្រាប់វីដេអូទាំងពីរ នៅឆ្នាំ២០១៥ ពីឡុតម្នាក់នៅលើយន្តហោះចម្បាំងបានសម្តែងការភ្ញាក់ផ្អើល ទៅនឹងល្បឿនដ៏លឿនរបស់ UFO នោះ ខណៈពីឡុតម្នាក់ទៀតបានសន្មត់ថា វាជាអាចជាដ្រូន។

គួរបញ្ជាក់ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់ វីដេអូដែលត្រូវបានបែកធ្លាយកាលពីឆ្នាំ២០០៧ និង ២០១៧ នោះ ជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៩។ ទោះបីជាមានការទទួលស្គាល់ថា ខ្សែវីដេអូទាំង ០៣ឃ្លីបខាងលើនេះ គឺជាការពិត ប៉ុន្តែវត្ថុដែលស្ថិតនៅក្នុងវីដេអូនោះ ក៏នៅតែមិនមាននរណាអាចបញ្ជាក់ថា ជាអ្វីឲ្យប្រាកដនោះឡើយ។

ដោយឡែកសម្រាប់ការបញ្ចេញខ្សែវីដេអូទាំង ០៣ឃ្លីបខាងលើនេះជាសាធារណៈ នៅពេលនេះតែម្តង ត្រូវបានមន្ទីរបញ្ចកោណអាមេរិកបញ្ជាក់ថា គឺជាការឆ្លើយតបទៅតាមសំណូមពរ របស់សាធារណមតិជាច្រើន ជាពិសេសប្រជាជនអាមេរិក ដែលចង់ដឹងការពិតជុំវិញរឿងនេះ ហើយវាក៏គ្មានអ្វី ដែលត្រូវលាក់បាំងទៀតនោះដែរ៕