(ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានចេញសារព្រមានចិនជាថ្មីម្ដងទៀត ជុំវិញភាពតានតឹងនៅឯតំបន់ជម្លោះព្រំដែន រវាងមហាយក្សអាស៊ីទាំង ២ ដោយថែមទាំងប្រើប្រាស់សុន្ទរកថាដ៏សំខាន់ប្រចាំឆ្នាំនេះ ដើម្បីសន្យាពង្រឹងសមត្ថភាពយោធាឥណ្ឌា ឲ្យកាន់តែខ្លាំងក្លាថែមទៀតផង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសុន្ទរកថានាឱកាសទិវាបុណ្យឯករាជ្យជាតិឥណ្ឌាលើកទី ៧៤ នៅថ្ងៃសៅរ៍ ទី០៨ ខែសីហានេះ លោក ម៉ូឌី បានសង្កត់ធ្ងន់ទៀតថា អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ឥណ្ឌា គឺជាអទិភាពខ្ពស់ជាងគេបំផុត ហើយទំនាក់ទំនងជាមួយប្រទេសជិតខាង គឺអាស្រ័យលើសន្តិសុខ និងការជឿទុកចិត្ត។ លោកនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «អ្វីដែលយើងអាចធ្វើ និងអ្វីដែលកងទ័ពរបស់យើងអាចធ្វើ គឺអ្នកគ្រប់គ្នាបានឃើញហើយ នៅក្នុងតំបន់ព្រំដែនឡាដាក (Ladakh)»

លោក ម៉ូឌី លើកឡើងបែបនេះ ដោយចង់សំដៅលើជម្លោះព្រំដែន ជាមួយកងទ័ពចិនក្នុងតំបន់ Ladakh កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅ ដែលបានផ្ដាច់ជីវិតកងទ័ពឥណ្ឌា ២០នាក់ ខណៈចិនក៏បានទទួលស្គាល់ពីការបាត់បង់ជីវិត កងទ័ពរបស់ខ្លួនផងដែរ តែមិនបានបង្ហាញតួលេខនោះទេ។

គួរបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិឥណ្ឌាលើកទី ៧៤ បានប្រព្រឹត្តទៅនៅឯប្រាសាទក្រហម ឬ Red Fort ក្នុងរដ្ឋធានីញូដេលី ក្រោមវិធានការរឹតត្បិត និងកំណត់មនុស្សចូលរួមត្រឹម ៤,០០០នាក់ ដើម្បីទប់ស្កាត់ COVID-19។ នៅក្នុងសុន្ទរកថាខាងលើនេះ លោក ម៉ូឌី ក៏បានអះអាងផងដែរថា ឥណ្ឌាមានវ៉ាក់សាំង COVID-19 ចំនួន ០៣ កំពុងស្ថិតនៅក្រោមការធ្វើតេស្ដ៕