(លីបង់)៖ មេដឹកនាំក្រុមហេសប៊ូលឡាលីបង់ លោក Sayyed Hassan Nasrallah បានប្រកាសថាក្រុមរបស់លោកកំពុងរង់ចាំលទ្ធផលស៊ើបអង្កេត ជុំវិញហេតុការណ៍ ផ្ទុះដ៏កក្រើក នៅឯកំពង់ផែនៃរដ្ឋធានីបេរូត ហើយបើសិនជាលទ្ធផលបង្ហាញថាវាជាសកម្មភាពបំផ្លិចបំផ្លាញប្រព្រឹត្តឡើងដោយអ៉ីស្រាអែល នោះអ៉ីស្រាអែលនឹងត្រូវតប ស្នងមកវិញយ៉ាងសក្តិសមចំពោះទង្វើដ៏អាក្រក់បែបនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Sayyed ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នមានមូលហេតុពីរ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត នោះគឺថាតើហេតុការណ៍ផ្ទុះឃ្លាំងស្ដុកសារធាតុ ammonium nitrate ដ៏កក្រើក នៅឯកំពង់ផែនៃរដ្ឋធានីបេរូត បង្កឡើងដោយចេតនា ឬក៏គ្រាន់តែជាការធ្វេប្រហែសកើត ឡើងដោយចៃដន្យ។

គួរជម្រាបថា អ៉ីស្រាអែល បានបដិសេធម្ដងរួចមកហើយ ការចោទប្រកាន់ថាខ្លួនមានជាប់ពាក់ព័ន្ធនឹងការផ្ទុះក្នុងរដ្ឋធានីបេរូត កាលពីថ្ងៃទី០៤ ខែសីហាកន្លងទៅ ដែលបានផ្ដាច់ជីវិតមនុស្ស១៧៧នាក់ និងរងរបួស ៦,០០០នាក់ ហើយជាង ៣សែននាក់បាត់បង់ផ្ទះសម្បែង៕