(សៅប៉ូឡូ)៖ ក្រសួងសុខាភិបាលប្រេស៊ីលនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល) បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៥០,៦៤៤នាក់បន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ៣,២៧៥,៥២០ករណី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងទៀតថា ក្នុងរយៈពេល ២៤ចុងក្រោយនេះ មានអ្នកស្លាប់ដោយសារ COVID-19 ថ្មីៗចំនួន ១,០៦០នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប នៅក្នុងប្រទេសប្រេស៊ីលកើនដល់ ១០៦,៥២៣នាក់ហើយ។ រហូតមកដល់ពេលនេះ អ្នកជំងឺចំនួន ២,៣៨៤,៣០២នាក់បានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយពីជំងឺ COVID-19។

គួរបញ្ជាក់ថា សៅប៉ូឡូ (Sao Paulo) ជារដ្ឋដែលមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសប្រេស៊ីល នៅតែជាចំណុចកណ្ដាលនៃការរាតត្បាតវីរុសកូរ៉ូណា (COVID-19) ដដែល ដែលមានអ្នកស្លាប់ចំនួន ២៦,៦១៣នាក់ បន្ទាប់មកគឺរដ្ឋរីយ៉ូដឺហ្សាណេរ៉ូ (Rio de Janeiro) និងរដ្ឋសៀរ៉ា (Ceara)។ ប្រទេសប្រេស៊ីល គឺជាប្រទេសដែលមានអត្រាឆ្លង និងស្លាប់ដោយសារ COVID-19 ខ្ពស់ជាងគេនៅក្នុងអាមេរិកឡាទីន និងលេខ ២ លើពិភពលោក៕