(សៀងហៃ)៖ កម្រិតភាគល្អិតពុលនៅក្នុងខ្យល់អាកាស ឬ PM2.5 នៅក្នុងប្រទេសចិន ដែលអាចបំផ្លាញសុខភាពយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺទៅលើសារីរាង្គសួតរបស់មនុស្សនោះ បានធ្លាក់ចុះរហូតដល់ ១០.៨ភាគរយរាប់ចាប់ពីខែមករា ដល់ខែកក្កដាកន្លងទៅនេះ ដោយសារតែការថយចុះ នៃសកម្មភាពឧស្សាហកម្ម អំឡុងការរាតត្បាតជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០។

បើតាមទិន្នន័យពីទីក្រុងច្រើនជាង ៣០០ នៅទូទាំងប្រទេសចិន ដែលត្រូវបានចេញផ្សាយដោយក្រសួងអេកូឡូស៊ី និងបរិស្ថានចិន នៅថ្ងៃសុក្រសប្ដាហ៍នេះ កម្រិតខ្យល់ពុល PM2.5 បានធ្លាក់មកនៅកម្រិត ៣៣មីក្រូក្រាមក្នុងមួយម៉ែត្រគូប នៅអំឡុងពេល ០៧ខែមកនេះ។ កម្រិតស្ដង់ដារ PM2.5 របស់ចិនកន្លងមកគឺ ៣៥មីក្រូក្រាម ប៉ុន្តែកម្រិតនេះនៅខ្ពស់ជាង កម្រិតដែលផ្ដល់អនុសាសន៍ ដោយអង្គការសុខភាពពិភពលោក (WHO) នោះគឺស្ថិតនៅត្រឹមកម្រិតមិនច្រើនជាង ១០មីក្រូក្រាមនោះឡើយ។

គួរបញ្ជាក់ថា កម្រិតភាគល្អិតពុលនៅក្នុងខ្យល់អាកាស ឬ PM2.5 ដែលបង្កឡើងដោយការដុតបញ្ឆេះនៃចំហេះឥន្ធនៈ និងសកម្មភាពឧស្សាហកម្មនានា អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ក្នុងនោះរួមមានជំងឺផ្លូវដង្ហើម និងមហារីកជាដើម។

មិនត្រឹមតែប្រទេសចិនប៉ុណ្ណោះទេ គឺស្ទើរតែទូទាំងពិភពលោកទៅហើយ ដោយក្នុងនោះត្រូវបានផ្តោតសំខាន់លើតំបន់អឺរ៉ុប ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកផងដែរ សុទ្ធតែបានធ្លាក់ចុះកម្រិតធាតុពុលនៅក្នុងខ្យល់ ក៏ព្រោះតែសកម្មភាពរោងចក្រឧស្សាហ៍កម្ម ត្រូវបានកាត់បន្ថយ ជាពិសេសអំឡុងការរឹតត្បិត ឬបិទប្រទេសធំៗមួយចំនួន ដែលបានធ្វើឲ្យការដឹកជញ្ជូនគ្រប់មធ្យោបាយត្រូវកាត់បន្ថយ៕