(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីននៅថ្ងៃសុក្រនេះ បានសម្រេចដាក់បម្រាមជាបណ្តោះអាសន្ន លើការនាំចូលសាច់មាន់ពីប្រទេសប្រស៊ីល បន្ទាប់ពីប្រទេសចិន បានរកឃើញថាស្លាបមាន់ ដែលនាំចូលពីប្រទេសអាមេរិកខាងត្បូងមួយនេះ មានផ្ទុកវីរុសកូរ៉ូណា (COVID-19) នៅក្នុងទីក្រុងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងកសិកម្មហ្វីលីពីនបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយមានរបាយការណ៍ថ្មីៗពីប្រទេសចិន បូករួមនឹងការអនុលោមតាមច្បាប់សុវត្ថិភាពចំណីអាហាររ ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ និងការពារអថិជនហ្វីលីពីន ការដាក់បម្រាមបណ្តោះអាសន្នលើការនាំចូលសាច់មាន់ពីប្រទេសប្រេស៊ីល ត្រូវបានអនុម័ត»។ ទោះជាយ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍នេះ មិនបានបញ្ជាក់ពីរយៈពេលនៃការហាមឃាត់ទេ ខណៈសាច់សត្វបក្សីប្រមាណ ២០ភាគរយដែលហ្វីលីពីន ធ្វើការនាំចូល គឺមកពីប្រេស៊ីល។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អាជ្ញាធរចិនបានឲ្យដឹងថា ពួកគេបានរកឃើញវត្តមាន COVID-19 នៅក្នុងស្លាបមាន់ក្លាសេនាំចូលពីប្រទេសប្រេស៊ីល នៅក្នុងទីក្រុង ហ្សិនជិន (Shenzhen) និងនៅក្នុងបង្គាក្លាសេនាំចូលពីប្រទេសអេក្វាឌ័រ នៅក្នុងទីក្រុងឆាងអាន (Xi'an)។ ទោះជាយ៉ាងណា ជុំវិញបញ្ហានេះអង្គការសុខភាពិភពលោក WHO អះអាងថា មិនមានភ័ស្តុតាងណាមួយដែលបញ្ជាក់ថា វីរុសកូរ៉ូណាអាចឆ្លងតាមចំណីអាហារក្លាសេនោះទេ ហើយបានអំពាវនាវឲ្យប្រជាជន កុំមានការភ័យខ្លាចពីចំណីអាហារប្រភេទនេះ៕