(គូឡាឡាំពួ)៖ ក្មេងស្រីអាយុ ០៤ឆ្នាំម្នាក់នៅក្នុងរដ្ឋកេដាហ៍ (Kedah) ភាគពាយ័ព្យប្រទេសម៉ាឡេស៊ី បានស្លាប់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីឪពុករបស់នាងចាក់សោបិទទ្វាររថយន្ត ដោយមិនដឹងថា កូនខ្លួនឯងកំពុងដេកលក់នៅខាងក្នុង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារពត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។

អាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា ក្មេងស្រីខាងលើបានជាប់នៅក្នុងរថយន្ត នៅឯតំបន់ សាំងហ្គៃ ផេថានី (Sungai Petani) អស់រយៈពេលជិត ១០ម៉ោង។ លោក អេដស្លី អាប៊ូ ហ្សាហ៍ (Adzli Abu Shah) អធិការនគរបាលស្រុក គូឡាមូដា (Kuala Muda) បានឲ្យដឹងដែរថា មុនពេលកើតហេតុ ឪពុករបស់ក្មេងស្រីរងគ្រោះ ដែលជាអ្នកបើករថយន្តដឹកទំនិញ បានជូនកូនច្បងរបស់ គាត់ទៅសាលារៀននៅម៉ោង ៧៖៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ មុនពេលបន្តដំណើរទៅកាន់កន្លែងធ្វើការ។ លោក Adzli បានបន្តថា ឪពុករបស់ក្មេងស្រីរងគ្រោះបានយល់ច្រឡំថា ខ្លួនបានជូនកូនស្រីទៅផ្ទះជីដូនរបស់នាង ដោយបានភ្លេចថា នាងកំពុងដេកនៅកៅអីក្រោយនៃរថយន្ត។

បន្ទាប់ពីឪពុករបស់ក្មេងស្រីរងគ្រោះ បានទៅដល់កន្លែងធ្វើការ គាត់ក៏បានចេញទៅបើកឡានដឹកទំនិញ ទៅកាន់តំបន់ជាច្រើន និងត្រឡប់មកការិយាល័យរបស់គាត់វិញនៅម៉ោង ៤៖៣០នាទីល្ងាចថ្ងៃដដែល ដើម្បីបញ្ចប់ការងារមួយចំនួន។ នៅពេលគាត់បញ្ចប់ការងារ គាត់ក៏បានទៅកាន់រថយន្តរបស់គាត់នៅម៉ោងប្រហែល ៦៖២០នាទីល្ងាច គាត់ក៏ប្រទះឃើញកូនស្រីរបស់គាត់សន្លប់ នៅកៅអីខាងក្រោយនៃរថយន្ត បន្ទាប់មកគាត់ក៏បានតេទៅរករថយន្ដសង្គ្រោះបន្ទាន់ ប៉ុន្តែក្មេងស្រីនោះត្រូវបានគេបញ្ជាក់ថា បានស្លាប់បាត់ទៅហើយ។

គួរបញ្ជាក់ថា សាកសពរបស់នាងតូចដ៏អភ័ព្វ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ស៊ូលថាណាហ៍ បាហ៊ីយ៉ាហ៍ (Sultanah Bahiyah) ដើម្បីពិនិត្យរកមូលហេតុបន្ថែមនៃការស្លាប់នេះ ខណៈប៉ូលិសកំពុងធ្វើការស៊ើបអង្កេត និងសួរនាំឪពុកជនរងគ្រោះបន្តទៀត៕