(វ៉ាស៊ីនតោន)៖ ក្រុមអ្នកចរចាមកពីសហរដ្ឋអាមេរិក និងចិន នឹងត្រូវជួបប្រជុំគ្នានៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដើម្បីពិភាក្សាពីការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ (Phase 1) ដែលត្រូវបានចុះហត្ថលេខា កាលពីដើមឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១» កាលពីខែមករាកន្លងទៅ ដើម្បីបន្ធូរបន្ថយកម្តៅនៃសង្រ្គាមពាណិជ្ជកម្ម រវាងមហាយក្សសេដ្ឋកិច្ចទាំង ២ ហើយតាមរយៈកិច្ចព្រមព្រៀងនេះទៀតសោត ចិនបានយល់ព្រមបង្កើនការនាំចូល ផលិតផលអាមេរិកបន្ថែមឱ្យបាន ២០០ពាន់លានដុល្លារក្នុងរយៈពេល ០២ឆ្នាំ។

ប៉ុន្តែការសន្យាខាងលើនេះ នៅមិនទាន់អាចសម្រេចបាន ក្នុងកម្រិតមួយដូចមានចែងនៅក្រោម កិច្ចព្រមព្រៀងខាងលើនៅឡើយទេ ខណៈលោក ដូណាល់ ត្រាំ កំពុងបង្កើនសង្រ្គាមពាក្យសម្ដី ប្រឆាំងនឹងចិនឥតឈប់ឈរ ដោយបានលើកយកបញ្ហា COVID-19, ហុងកុង, តៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដើម្បីវាយប្រហារចិនជាបន្តបន្ទាប់។

ដោយឡែក ជុំវិញកិច្ចពិភាក្សានោះដែរ លោកស្រី អ៉ីរីស ផាង (Iris Pang) ជាអ្នកជំនាញសេដ្ឋកិច្ចមា្នក់មកពី ក្រុមហ៊ុនសេវាហិរញ្ញវត្ថុ ING បាននិយាយថា លទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្ម គឺវាអាស្រ័យទៅលើថា តើសហរដ្ឋអាមេរិក និងប្រទេសចិន ចង់បន្តរក្សាកិច្ចព្រមព្រៀងនេះដែរឬទេ ហើយមិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះក៏នឹងកំណត់ផងដែរថា តើទំនាក់ទំនងរវាងប្រទេសទាំង ២ អាចត្រឡប់ទៅរកភាពប្រក្រតីវិញ ឬវិវឌ្ឍទៅជាអាក្រក់រឹតតែខ្លាំង។

គួរបញ្ជាក់ថា ទំាងសហរដ្ឋអាមេរិក និងប្រទេសចិនមិនទាន់ទទួលស្គាល់ អំពីព័ត៌មានថា នឹងមានកិច្ចពិភាក្សាខាងលើនៅឡើយទេ តែជាធម្មតាការជួបប្រជុំគ្នា ត្រូវធ្វើឡើងជារៀងរាល់ ០៦ខែម្ដង បន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមាន ដែលត្រូវនឹងថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕