(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានបន្ធូរបន្ថយការព្រួយបារម្ភដែលថា វីរុសកូរ៉ូណា (COVID-19) អាចឆ្លងរាលដាលតាមចំណីអាហារ បន្ទាប់ពីអាជ្ញាធរចិនបានរកឃើញ ករណីផ្ទុកវីរុសនេះនៅក្នុងចំណីអាហារបង្កក (ក្លាសេ) នាំចូលពីបរទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អាជ្ញាធរចិនបានឱ្យដឹងថា ពួកគេបានរកឃើញករណីឆ្លង COVID-19 នៅក្នុងស្លាបមាន់ក្លាសេនាំចូលពីប្រទេសប្រេស៊ីល នៅក្នុងទីក្រុង ហ្សិនជិន (Shenzhen) និងបង្គាក្លាសេ នាំចូលពីប្រទេសអេក្វាឌ័រ នៅក្នុងទីក្រុងឆាងអាន (Xi'an)។

ជុំវិញករណីខាងលើនេះ អាជ្ញាធរទីក្រុង Shenzhen បានបញ្ជាក់ថា ស្លាបមាន់ក្លាសេខាងលើមានប្រភពដើម ចេញពីរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន អូរ៉ូរ៉ា (Aurora) ដែលជាក្រុមហ៊ុននាំចេញសាច់មាន់ និងសាច់ជ្រូកធំបំផុតលំដាប់ទី ៣ នៅក្នុងប្រទេសប្រេស៊ីល។

តែទោះជាយ៉ាងនេះក្ដី អង្គការ WHO បានបន្ធូរបន្ថយហានិភ័យ នៃការឆ្លងរីករាលដាល COVID-19 នៅក្នុងចំណីអាហារ។ លោក ម៉ៃក៍ រីយ៉ាន (Mike Ryan) នាយកកម្មវិធីសង្រ្គោះបន្ទាន់នៃអង្គការ WHO បានលើកឡើងដូច្នេះថា «ប្រជាជនមិនគួរភ័យខ្លាចពីចំណីអាហារ, ចំណីអាហារខ្ចប់ ឬចំណីអាហារតាមសេវាដឹកជញ្ជូននោះទេ... ពីព្រោះវាគ្មានភស្ដុតាងបញ្ជាក់ថា ចំណីអាហារ ឬចង្វាក់ផលិតកម្មចំណីអាហារ ជាប្រភពចម្លងវីរុសនោះទេ»

បើតាមក្រុមអ្នកជំនាញមួយចំនួន វីរុសកូរ៉ូណាអាចនឹងរស់នៅក្នុងរយៈពេលដល់ទៅ ០២ឆ្នាំ ក្នុងសីតុណ្ហភាពក្រោម ២០អង្សាសេ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ និងក្រុមមន្ត្រីជាច្រើនបាននិយាយថា «មិនទាន់មានភស្តុតាងរឹងមាំ» ដែលអាចបញ្ជាក់ថា វីរុសអាចឆ្លងរាលដាលតាមចំណីអាហារក្លាសេនោះទេ៕