(ការ៉ាកាស់)៖ អភិបាលរដ្ឋធានីការ៉ាកាស់ នៃប្រទេសវេណេស៊ុយអេឡា លោក ដារីយ៉ូ វីវាស់ (Dario Vivas) បានទទួលមរណភាពហើយក្នុងអាយុ ៧០ឆ្នាំ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅការ៉ាកាស់) ក្រោយពីលោកបានឆ្លងជំងឺ COVID-19 និងមានស្ថានភាពកាន់តែដុនដាបអស់រយៈពេល ០៣សប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។

លោក Dario Vivas បានប្រកាសដោយខ្លួនលោក កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅនេះថា លោកបានឆ្លងជំងឺ COVID-19 និងដាក់ខ្លួនឯងឲ្យស្ថិតនៅដាច់ដោយឡែក ដើម្បីព្យាបាល។ លោក Vivas បានបង្ហោះសារលើ Twitter នាគ្រានោះថា «ខ្ញុំសូមរាយការណ៍ ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំបានធ្វើតេស្តវិជ្ជមានចំពោះ... COVID-19 ហើយ»

គួរបញ្ជាក់ថា មិនត្រឹមតែអភិបាលរដ្ឋធានីការ៉ាកាស់ប៉ុណ្ណោះទេ ដែលបានឆ្លងជំងឺ COVID-19 ដោយរដ្ឋមន្ត្រីប្រេង និងមន្ត្រីជាន់ខ្ពស់រដ្ឋសភាវេណេស៊ុយអេឡា មួយចំនួនទៀត ក៏បានឆ្លងជំងឺនេះដូចគ្នាដែរ ប៉ុន្តែលោក Vivas បានបាត់បង់ជីវិត ព្រោះតែស្ថានភាពរបស់លោកធ្ងន់ធ្ងរពេក។ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ វេណេស៊ុយអេឡាមានករណីឆ្លង COVID-19 សរុបជាង ២៩,០០០ករណី ក្នុងនោះស្លាប់ ២៤៧នាក់ និងជាសះស្បើយវិញជាង ២១,០០០នាក់៕