(បាងកក)៖ នៅក្នុងឱកាសដែលគណៈរដ្ឋមន្ត្រីថ្មី ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចូលស្បថឡើងកាន់តំណែង ចំពោះព្រះភ័ក្រព្រះបាទ មហា វិជ្ជរ៉ាឡុងកន និងព្រះអគ្គមហេសី សុធីតា ព្រះមហាក្សត្រថៃអង្គនេះបានអំពាវនាវ ឲ្យគ្រប់គ្នារក្សា «សណ្តាប់ធ្នាប់ និងសន្តិភាព» ប៉ុន្តែទ្រង់មិនបានលើកឡើង អំពីការទាមទាររបស់ក្រុមនិស្សិតថៃ ដែលបាននិងកំពុងធ្វើបាតុកម្ម ទាមទារឲ្យមានកំណែទម្រង់ក្នុងប្រទេស ដែលមានរបបរាជានិយម ដ៏រឹងមាំមួយនេះឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០។

ការអំពាវនាវពីអង្គព្រះមហាក្សត្រថៃខាងលើនេះ បានកើតមានឡើងកាលពីថ្ងៃអង្គារ ជាពេលដែលពិធីស្បថឡើងកាន់តំណែង នៃគណៈរដ្ឋមន្ត្រីប្រារព្ធឡើងនៅវិមានដុសិត (Dusit) ក្នុងរាជធានីបាងកក។ ព្រះមហាក្សត្រដែលមានតួនាទីជាព្រះប្រមុខរដ្ឋ បានថ្វាយព្រះពរ ដល់សមាជិកគណៈរដ្ឋមន្ត្រីថ្មី ឲ្យមានសុខភាពល្អ និងប្រាជ្ញា ដើម្បីមានកម្លាំងអនុវត្តភារៈកិច្ច ស្របតាមពាក្យសម្បថរបស់គ្រប់គ្នា។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបង្ហាញក្តីព្រួយបារម្ភផងដែរ ចំពោះការតវ៉ាពីសំណាក់ក្រុមនិស្សិត ដែលកំពុងទាមទារឲ្យរំលាយរដ្ឋាភិបាលរបស់លោក។ លោក ប្រាយុទ្ធ ថែមទាំងបានលើកឡើងទៀតថា ក្រុមនិស្សិតទាំងនោះ គឺកំពុងធ្វើការទាមទារ កាន់តែហួសហេតុខ្លាំងឡើងៗហើយ ជាពិសេសគឺការទាមទារឲ្យមានកំណែងទម្រង់ ១០ចំណុចទៅលើរបបរាជាធិបតេយ្យ នៅក្នុងប្រទេសថៃនោះ៕