(ស្តូនហាវែន)៖ មនុស្សចំនួន ០៣នាក់បានបាត់បង់ជីវិត និង ០៦នាក់ផ្សេងទៀតរងរបួស បន្ទាប់រថភ្លើងដឹកអ្នកដំណើរមួយខ្សែ បានរអិលធ្លាក់ចេញពីផ្លូវនៅភាគឦសានប្រទេសស្កុតឡេន នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅស្កុតឡេន)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០។

ហេតុការណ៍គ្រោះថ្នាក់រថភ្លើងខាងលើនេះ បានកើតមានឡើងនៅក្បែរទីក្រុង ស្តូនហាវែន (Stonehaven) ដែលមានចម្លាយ ២៥គីឡូម៉ែត្រពីទីក្រុងអាប៊ឺឌីន (Aberdeen)។ អគ្គីភ័យ និងផ្សែងហុយខ្មួលខ្មាញ់ក៏ត្រូវបានប្រទះឃើញ តាមរយៈរូបភាពនានាដែលត្រូវបានផ្តិតយក នៅកន្លែងកើតហេតុផងដែរ។ អ្នករងរបួសទាំងអស់ ត្រូវបានដឹកទៅមន្ទីរពេទ្យតាមឧទ្ធម្ភាគចក្រផង និងរថយន្តសង្គ្រោះផង។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់រថភ្លើងបែបនេះ គឺជារឿងដែលកម្រកើតមានបំផុតនៅស្កុតឡេន ក៏ដូចជាចក្រភពអង់គ្លេសទាំងមូល។ ដោយឡែកមន្ត្រីពាក់ព័ន្ធរបស់ស្កុតឡេន មិនទាន់បានបញ្ជាក់ពីមូលហេតុ ដែលបានបង្កទៅជាគ្រោះថ្នាក់ចរាចរណ៍ ផ្លូវដែកខាងលើនេះឡើយ៕