(អាមេរិក)៖ នៅថ្ងៃពុធនេះសារព័ត៌មានអាមេរិក Bloomberg News ដោយផ្អែកលើប្រភពខ្លួនទទួលបានឲ្យដឹងថា ក្រុមមន្រ្តីចរចារបស់សហរដ្ឋអាមេរិក និងប្រទេសចិន គ្រោងពិភាក្សាគ្នាអំពីការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ (Phase One) នៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយភាគីចិនទំនងជានឹងលើកយកបញ្ហាជុំវិញ TikTok ព្រមទាំង WeChat មកពិភាក្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។

យោងតាមរបាយការណ៍ដដែលខាងលើ ការទិញផលិតផលកសិកម្ម និងអត្រាប្តូរប្រាក់រវាងលុយដុល្លារ និងលុយយ័ន ក៏ទំនងជានឹងស្ថិតក្រោមបណ្តាប្រធានបទជាច្រើន ដែលត្រូវពិភាក្សាក្នុងកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដែលប្រហែលជាអាចរៀបចំឡើង ឆាប់បំផុតនៅក្នុងសប្តាហ៍នេះតែម្តង ប៉ុន្តែកាលបរិច្ឆេទជាក់លាក់ មិនទាន់ត្រូវបានសម្រេច ជាចុងក្រោយនៅឡើយទេ។

គួរជម្រាបថា កាលពីថ្ងៃសប្តាហ៍មុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបំរាមលើការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ នៅក្នុងទឹកដីអាមេរិក ជាមួយក្រុមហ៊ុនមេរបស់កម្មវិធីចិន WeChat និង Tiktok។ ចំណែកកាលពីថ្ងៃអង្គារសប្តាហ៍នេះ ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក ឡារី ឃូកឡូវ (Larry Kudlow) បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិន នៅតែស្ថិតក្នុងសភាពល្អដដែល ទោះបីមួយរយៈចុងក្រោយនេះ ប្រទេសទាំងពីរមានបញ្ហាតានតឹងជាមួយគ្នា ជុំវិញបញ្ហាជាច្រើនក៏ដោយ៕