(ស៊ីអាន)៖ រថភ្លើងដឹកសម្ភារៈផ្គត់ផ្គង់ ប្រឆាំងនឹងជំងឺ COVID-19 ចំនួន ៤៥កុងតឺណឺបានចាកចេញពីទីក្រុងស៊ីអាន នៃខេត្តសានស៊ី (Shaanxi) ភាគពាយ័ព្យប្រទេសចិន ដើម្បីធ្វើដំណើរទៅឆ្ពោះកាន់ទីក្រុង មីឡាន (Milan) ប្រទេសអ៉ីតាលីនៅថ្ងៃពុធនេះតែម្តង។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។

សម្ភារៈផ្គត់ផ្គង់ទាំងនោះរួមមាន ម៉ាសចំនួន ៣៦៨,៣០០សន្លឹក និងគ្រៀងបរិក្ខាជិត ៩៥តោននៃប្រភេទក្រណាត់ចាំបាច់​សម្រាប់ផលិតម៉ាសវេជ្ជសាស្ត្រ។ សេវាកម្មរថភ្លើងដឹកទំនិញរវាងចិន-អឺរ៉ុប បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាស្ថេរភាពក្នុងផ្គត់ផ្គង់ ខ្សែសង្វាក់នៃការដឹកជញ្ជូនទំនិញ ជាពិសេសក្នុងការដឹកជញ្ជូនសម្ភារៈវេជ្ជសាស្ត្រ ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19។

គួរបញ្ជាក់ថា នៅត្រឹមចុងខែកក្កដា ការផ្គត់ផ្គង់សម្ភារៈដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាត បានកើនឡើងដល់ ៤.៩៧លានសម្ភារៈ ក្នុងនោះ ៣៩,០០០តោន​ត្រូវបានដឹកជញ្ជូនតាមផ្លូវរថភ្លើង។

គិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺ COVID-19 សម្ភារៈផ្គត់ផ្គង់ច្រើនជាង ១២,៧១៩តោនត្រូវបានដឹកជញ្ជូនចេញពីទីក្រុងស៊ីអាន តាមរយៈសេវាកម្មរថភ្លើង។ វាបានពន្លឿនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹង​ការរីករាលដាលនៃជំងឺ COVID-19៕