(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់លោក ហ្សែនស៍ ស្ពេន (Jens Spahn) នៅថ្ងៃពុធនេះបានចេញមុខ រិះគន់ប្រទេសរុស្ស៊ីចំៗតែម្តង ចំពោះការប្រកាសជោគជ័យលើការអភិវឌ្ឍវ៉ាក់សាំង COVID-19 ទាំងមិនទាន់ធ្វើតេស្តស្វែងរកប្រសិទ្ធភាព និងសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។

ក្រុមជំនាញអន្តរជាតិមួយចំនួន ជាពិសេសសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប​បានបង្ហាញក្តីបារម្ភអំពីសុវត្ថិភាព និងប្រសិទ្ធភាព​នៃវ៉ាក់សាំងផលិតដោយរុស្ស៊ី​តាំងតែពីមុនពេលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប្រកាសអំពីការអនុម័តវាជាផ្លូវការ ដោយក្រសួងសុខាភិបាលរុស្ស៊ី ទៅលើវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាដំបូង កាលពីថ្ងៃអង្គារម្សិលមិញនេះមកម្ល៉េះ។

ជុំវិញបញ្ហាខាងលើនេះ លោករដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ Jens Spahn បានប្រាប់វិទ្យុក្នុងស្រុកថា «វាអាចជារឿងគ្រោះថ្នាក់ នៅក្នុងចាប់ផ្តើមចាក់វ៉ាក់សាំង លើមនុស្សរាប់លាននាក់រហ័សជ្រុលពេក ព្រោះវានឹងបង្កបញ្ហាដល់លទ្ធភាពនៃរាងកាយរបស់មនុស្ស​ក្នុងការទទួលយកវ៉ាក់សាំង ប្រសិនបើអ្វីមួយដំណើរការខុស។ ដូច្នេះខ្ញុំមានការសង្ស័យយ៉ាងខ្លាំង អំពីអ្វីដែលកំពុងកើតឡើង​នៅក្នុងប្រទេសរុស្ស៊ី»

លោក Spahn បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំនឹងរីករាយប្រសិនបើយើងមានវ៉ាក់សាំងដំបូងដ៏ល្អ ប៉ុន្តែផ្អែកលើអ្វីគ្រប់យ៉ាង ដែលបានយើងដឹងរួចហើយនោះ គឺតាំងពីដើមមករុស្ស៊ី​មិនដែលបានប្រាប់យើងច្រើនទេ (អំពីការអភិវឌ្ឍវ៉ាក់សាំងរុស្ស៊ី)... ហេតុដូច្នេះវាមិនត្រូវបានធ្វើតេស្តគ្រប់គ្រាន់ឡើយ»

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសរបស់លោកបានអនុម័តជាផ្លូវការ នូវវ៉ាក់សាំងដំបូងបំផុតលើលោក ដែលអាចប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី (COVID-19) មានឈ្មោះថា «Sputnik V»។ រដ្ឋាភិបាលរុស្ស៊ី​ក៏បានអះអាងទៀតថា វ៉ាក់សាំងរបស់រុស្ស៊ីនឹងត្រូវចាប់ផ្តើមផលិត​នៅចុងខែសីហានេះ ឬក៏ដើមខែកញ្ញាខាងមុខ ហើយបុគ្គលិកសុខាភិបាលរុស្ស៊ី នឹងក្លាយក្រុមមនុស្សដែលត្រូវចាក់វ៉ាក់សាំង អភិវឌ្ឍឡើងដោយវិទ្យាស្ថាន ហ្គាម៉ាឡេយ៉ា (Gamleya) នៃទីក្រុងម៉ូស្គូនេះមុនគេ៕