(ប៉េកាំង)៖ សភាជាន់ខ្ពស់ចិន នៅថ្ងៃអង្គារនេះបានសម្រេចពន្យាពេលអាណត្តិរបស់សមាជិកសភាហុងកុង នាពេលបច្ចុប្បន្នសម្រាប់រយៈពេលមួយឆ្នាំបន្ថែមទៀត ដែលគិតចាប់ពីកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ បន្ទាប់ពីការបោះឆ្នោតដែលគ្រោងទុកត្រូវបានអាជ្ញាធរហុងកុងប្រកាសថា ត្រូវពន្យារពេល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។

សេចក្តីសម្រេចនេះមានន័យថា ក្រុមប្រឹក្សានីតិបញ្ញត្តិរបស់ហុងកុង ឬហៅថា Legco នឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងរយៈពេលមិនតិចជាង១ឆ្នាំទៀតទេ ពោលរហូតទាល់តែសភាអាណត្តិថ្មី ត្រូវបានបោះឆ្នោតជ្រើសតាំង។

គួរជម្រាបថា កាលពីថ្ងៃទី ៣១ ខែកក្កដាកន្លងទៅនេះ អាជ្ញាធរហុងកុងបានប្រកាសថា ការបោះឆ្នោតសភាហុងកុង ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែកញ្ញា អាចនឹងត្រូវពន្យាពេល ដោយសារតែការរីករាលដាលនៃជំងឺ COVID-19។ ជុំវិញសេចក្តីប្រកាសនេះគណៈកម្មាធិការនីតិប្បញ្ញត្តិជាន់ខ្ពស់ចិន ដែលជាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនប្រជាជនចិន បានសម្តែងការគាំទ្រដោយបានហៅការបោះឆ្នោតខាងលើថា «មិនចាំបាច់ និងមិនសមស្រប»។

រហូតមកទល់ពេលនេះ ដែនដីហុងកុងមានករណីឆ្លងជាង ៤,១០០នាក់ ក្នុងនោះស្លាប់៥៨នាក់ និងជាសះស្បើយជាង៣,០០០នាក់។ សម្រាប់ថ្ងៃអង្គារ ទី១១ ខែសីហានេះ ទីក្រុងមួយនេះបានរកឃើញករណីឆ្លងថ្មីៗចំនួន៣៣នាក់ និងស្លាប់ថ្មីចំនួន០៣នាក់៕