(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បាននិយាយថា ទំនាក់ទនងដ៏ល្អប្រសើររបស់លោក ជាមួយនិងប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានប្រែប្រួលក្លាយទៅជាល្អក់កករអស់ហើយ បន្ទាប់ពីវិបត្តិជំងឺឆ្លង COVID-19 បានផ្ទុះរាតត្បាតនៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។

ក្នុងបទសម្ភាសន៍មួយជាមួយ Fox Sports Radio លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «ខ្ញុំធ្លាប់មានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយលោកប្រធានាធិបតី ស៉ី ជិនពីង... ខ្ញុំចូលចិត្តគាត់ ប៉ុន្តែឥឡូវខ្ញុំមិនមានអារម្មណ៍បែបនោះទៀតទេ»។ លោក ត្រាំ បានបន្តថា ផលវិបាកដែលបង្កឡើងពីវិបត្តិ COVID-19 គឺអាក្រក់ជាងវិវាទពាណិជ្ជកម្មជាមួយចិនឆ្ងាយណាស់។ លោកប្រធានាធិបតីអាមេរិកក៏បានបន្ថែមដែរថា រូបលោកមិនបាននិយាយទូរស័ព្ទជាមួយលោក ស៉ី អស់រយៈពេលយូរណាស់ហើយ។

គួរជម្រាបថា វត្តមាន COVID-19 ត្រូវបានគេរាយការណ៍ជាលើកដំបូងបំផុត នៅក្នុងប្រទេសចិន កាលពីចុងឆ្នាំ២០១៩ ហើយមកទល់ឥឡូវ វាបានឆ្លងដល់មនុស្សជាង ២០លាននាក់ ក្នុងនោះស្លាប់ ៧៤ម៉ឺននាក់និងជាសះស្បើយវិញជាង ១៣លាននាក់ នៅជុំវិញពិភពលោក ដោយនៅសហរដ្ឋអាមេរិកតែឯង មានអ្នកឆ្លងជាង៥លាននាក់ និងស្លាប់ជាង១៦ម៉ឺននាក់៕