(ធីមភូ)៖ រដ្ឋាភិបាលប៊ូតាននៅថ្ងៃអង្គារនេះ បានសម្រេចចិត្តប្រកាសដាក់ចេញ «វិធានការបិទប្រទេស» ជាលើកដំបូងបំផុត បន្ទាប់ពីស្ត្រីម្នាក់ទើបត្រឡប់មកពីបរទេស ត្រូវបានគេធ្វើតេស្ដវិជ្ជមាន COVID-19 ហើយត្រូវបានគេជឿជាក់ថា ធ្លាប់មានទំនាក់ទំនងជាមួយមនុស្សជាច្រើននាក់ នៅក្នុងរដ្ឋធានីធីមភូ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។

ការសម្រេចចិត្តបិទប្រទេសខាងលើ ធ្វើឡើងក្រោយស្ត្រីជាពលរដ្ឋប៊ូតានម្នាក់ មានអាយុ ២៧ឆ្នាំ និងទើបតែត្រឡប់មកពីប្រទេសគុយវ៉ែត ត្រូវបានគេធ្វើតេស្ដឡើងវិញ ដោយចេញលទ្ធផលវិជ្ជមាន COVID-19 បន្ទាប់ពីការធ្វើតេស្ដកាលពីលើកមុន កំឡុងធ្វើចត្តាឡីស័កចេញលទ្ធផលអវិជ្ជមាន។

គួរបញ្ជាក់ថា បច្ចុប្បន្នប៊ូតានមានករណីឆ្លង COVID-19 សរុប ១១៣ករណី និងមិនមានអ្នកស្លាប់នោះទេ ដែលតួលេខអ្នកឆ្លងទាបជាងគេបំផុត នៅក្នុងតំបន់អាស៊ីខាងត្បូង។ ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ បានហាមភ្ញៀវទេសចរចូលមកក្នុងប្រទេសរបស់ខ្លួន កាលពីខែមីនា បន្ទាប់ភៀវទេសចរអាមេរិកម្នាក់ បានធ្វើតេស្ដវិជ្ជមាន COVID-19។ ប៊ូតានក៏បានចេញបញ្ជាឱ្យអនុវត្តវិធានការធ្វើចត្តាឡីស័ក ១៤ថ្ងៃ លើអ្នកដែលមកពីបរទេសផងដែរ៕