(ហុងកុង)៖ ប្រជាជនចិនមួយចំនួនដែលជាអ្នកគាំទ្រក្រុមហ៊ុន Apple ងប់ងុល នឹងមិនសុខចិត្តបោះបង់ចោលទូរស័ព្ទដៃ iPhones ជាទីស្រឡាញ់របស់ពួកគេឡើយ។ ប៉ុន្តែ ធាតុពិត អ្នកប្រើប្រាស់ដទៃនៅក្នុងប្រទេសចិន ក៏ប្រហែលជានឹងមិនត្រូវការ iPhones ខ្លាំងជាងកម្មវិធី WeChat នោះដែរ។ ដូច្នេះ បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងបង្ខំឱ្យពួកគេ ត្រូវធ្វើការជ្រើសរើសយកមួយរវាង iPhones និង WeChat។

លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានចេញបទបញ្ជាប្រតិបត្តិមួយ សំដៅហាមឃាត់ការប្រើប្រាស់កម្មវិធី WeChat នៅក្នុងសហរដ្ឋអាមេរិក ហើយដែល បម្រាមនេះនឹងមានវិសាលភាព រហូតដល់បង្គាប់ឱ្យក្រុមហ៊ុនអាមេរិកដូចជា Apple និង Google លុបចោលកម្មវិធី WeChat នៅលើ App Store ឬ Play Stores របស់ពួកគេ។ ក្នុងថ្ងៃជាមួយគ្នានោះ លោក ត្រាំ ក៏បានចុះហត្ថលេខាលើបទបញ្ជាដាច់ដោយឡែកមួយទៀត ដោយបិទប្រតិបត្តិការ TikTok នៅលើទឹកដីអាមេរិកផងដែរ បើសិនជាក្រុមហ៊ុន អាមេរិកណាមួយមិនអាចទិញយកបណ្ដាញទំនាក់ទំនងមួយនេះ ពីក្រុមហ៊ុនចិន ByteDance ក្នុងរយៈពេល៤៥ថ្ងៃ។ ពោលគឺរហូតដល់ថ្ងៃទី២០ ខែកញ្ញាខាងមុខនេះទេនោះ។

បទបញ្ជាបិទកម្មវិធី WeChat និងមិនឱ្យក្រុមហ៊ុនអាមេរិករកស៊ីជាមួយក្រុមហ៊ុន Tencent ដែលជាម្ចាស់ WeChat នៅតែមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ទេ ហើយនៅតែបង្ក ជាការយល់ច្រឡំ ដោយអ្នកខ្លះថាការបិទ TikTok ឬ WeChat គឺជាកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិមួយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីបង្ខំឱ្យក្រុមហ៊ុនអាមេរិក រើប្រតិបត្តិការចេញពីប្រទេសចិន។ ចំណែកឯ អ្នកជំនាញខ្លះយល់ថា វាមានលទ្ធភាពអាចទៅរួចថាក្រុមហ៊ុន Apple ប្រហែលជាអាចនឹងលុបចោល WeChat ចេញពី iOS App Store។

លោក Ming-Chi Kuo ជាអ្នកវិភាគពីក្រុមហ៊ុន Apple ម្នាក់ មកពីក្រុមហ៊ុនមូលបត្រអន្តរជាតិ TF ឬ TF International Securities បានឱ្យដឹងថា បើសិនជាក្រុមហ៊ុន Apple ពិតជាលុបចោលកម្មវិធី WeChat ចេញពី App Store របស់ខ្លួនតាមបញ្ជារបស់លោក ដូណាល់ ត្រាំពិតមែន នោះក្រុមហ៊ុន Apple ក៏នឹងប្រឈមមុខនឹងការខាតបង់ធំដូចគ្នា ខណៈការនាំចេញទូរស័ព្ទ iPhone ជាសកលនៅក្នុងឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះពី២៥ ដល់៣០ភាគរយ ឯណោះ។ លោក Kuo បន្ថែមទៀតថា បើសិន Apple លុបចោល WeChat ពី App Store ជាសកល នោះការនាំចេញផលិតផលដូចជា AirPods, iPads, MacBooks និង Apple Watch អាចនឹងធ្លាក់ចុះពី១៥ ដល់២៥ភាគរយ ហើយបើ Apple លុបចោល តែនៅក្នុងសហរដ្ឋអាមេរិក នោះការនាំចេញផលិតផលទាំងនេះ នឹងធ្លាក់ចុះតិចជាង ៣ភាគរយ។ មកទល់នឹងពេលនេះ ក្រុមហ៊ុន Apple មិនទាន់ធ្វើការអត្ថាធិប្បាយ អ្វីនៅឡើយទេ ទៅនឹងសំនួរពីលទ្ធភាពលុបចោល WeChat ចេញពី App Store។

ជាការពិតណាស់ បើទោះជាមជ្ឈដ្ឋានជាច្រើនយល់ថាការឈប់ប្រើទូរស័ព្ទ iPhone គឺជារឿងមិនអាចទៅរួចក៏ដោយ តែបទបញ្ជារបស់លោក ដូណាល់ ត្រាំ បាន និងកំពុង លើកទឹកចិត្តឱ្យអ្នកគាំទ្រ WeChat និងអ្នកប្រើប្រាស់ដែលមានគំនិតជាតិនិយមក្នុងប្រទេសចិន ចាប់ផ្ដើមពិចារណា ថាតើពួកគេគួរតែជ្រើសរើសយក WeChat ឬ iPhone នៅពេលដែលកម្មវិធីចិនដ៏មានប្រជាប្រិយភាពមួយនេះ លែងមាននៅលើ App Store ឬមិនអាចដំណើការតទៅទៀតបាននៅលើ iPhone។ ជាក់ស្ដែង នៅក្នុងការស្ទង់មតិមួយ នៅលើបណ្ដាញទំនាក់ទំនងសង្គមចិន Weibo កាលពីពេលថ្មីៗនេះ តាមរយៈការសាកសួរថាតើពួកគេនឹងប្ដូរទូរស័ព្ទស្មាតហ្វូនថ្មី ឬលុបចោល WeChat នៅពេលកម្មវិធីចិន មួយនេះលែងមាននៅលើ iOS? ប្រជាជនចិ ន ដែលបានចូលរួមក្នុងការស្ទង់មតិច្រើនជាង១.២លាននាក់ ក្នុងចំណោម១.៣លាននាក់ បាននិយាយថាពួកគេនឹងប្ដូរទូរស័ព្ទថ្មី។

ការស្ទង់មតិនៅលើបណ្ដាញទំនាក់ទំនងសង្គម Weibo ថ្វីបើមិនអាចតំណាងឱ្យប្រជាជនចិនទាំងមូល តែគេក៏មិនអាចបដិសេធនិន្នាការបែបនេះនោះដែរ។ WeChat ឬហៅជា ភាសាចិនថា Weixin ក្រៅតែពីជាកម្មវិធីផ្ញើសារដ៏ពេញនិយម វាក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ការទូទាត់ការចំណាយតាមទូរស័ព្ទដៃផងដែរ នៅក្នុងប្រទេស ចិន ដោយវាតំណាងឱ្យជិត ៤០ភាគរយនៃទំហំទឹកប្រាក់ ៨.៤ទ្រីលានដុល្លារ នៃប្រតិបត្តិការទូទាត់ចំណាយតាមទូរស័ព្ទដៃ ក្នុងត្រីមាសចុងក្រោយកាលពីឆ្នាំ២០១៩។

លើសពីនេះទៅទៀត WeChat ដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្នុងប្រទេសចិន គឺមានសារៈសំខាន់បំផុតចំពោះប្រជាជនចិន ដែលរស់នៅក្រៅប្រទេស រក្សាទំនាក់ ទំនងជាមួយគ្រួសារ និងមិត្តភក្តិរបស់ពួកគេនៅក្នុងប្រទេសចិន ស្របពេលបណ្ដាញទំនាក់ទំនងសង្គមលោកខាងលិច ដូចជា Facebook, WhatsApp និង Telegram ជាដើម សុទ្ធតែត្រូវបានហាមឃាត់។

* ហេតុអ្វីលោក ដូណាល់ ត្រាំ ចង់បិទ WeChat?

នៅក្នុងបទបញ្ជាប្រតិបត្តិ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថាការបិទ WeChat និង TikTok គឺដោយសារតែបារម្ភពីសន្តិសុខជាតិ ដោយលោក អះអាងថាកម្មវិធីចិនទាំង២នេះ បានអនុញ្ញាតឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង អាចចូលកាន់កាប់ និងប្រមូលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់។ ប៉ុន្តែ ការចោទប្រកាន់បែបនេះ ត្រូវបានក្រុមហ៊ុនចិនទាំង២ បដិសេធ។ រីឯក្រសួងការបរទេសចិន បានវាយបកទៅវិញថាការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រាន់តែជាល្បែងនយោបាយមួយ ដែលលោក ត្រាំ ប្រើប្រាស់ដើម្បីកេងចំណេញនយោបាយ មុនការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ចូលមកដល់តែប៉ុណ្ណោះ។ តែយ៉ាងណាក៏ដោយ ចិន ផ្ទាល់ ក៏មិនទាន់បានចាត់វិធានការជាដុំកំភួនអ្វី សងសឹកនឹងសហរដ្ឋអាមេរិកដែរ៕

ប្រភព៖ South China Morning Post