(ឆឹងទូ)៖ យោងតាមអាជ្ញាធរគ្រប់គ្រង់គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតចិនបានឲ្យដឹងថា មនុស្សចំនួន ០៦នាក់បានបាត់ខ្លួន បន្ទាប់ពីមានគ្រោះទឹកជំនន់ ដោយសារភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទីក្រុងយ៉ាអាន (Ya’an) នៃខេត្តស៊ីឈាន់ (Sichuan) ភាគនិរតីប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។

ទន្ទឹមនឹងនេះ មនុស្សចំនួន ០២នាក់ទៀតត្រូវបានរកឃើញ ជាប់នៅក្រោមផ្ទះដែលបានបាក់រលំ ខណៈកិច្ចប្រឹងប្រែងជួយសង្គ្រោះត្រូវបានធ្វើឡើង។ ទឹកជំនន់នោះ បានបង្កការបំផ្លិចបំផ្លាញដល់ផ្លូវថ្នល់ លំនៅដ្ឋាន ទំនប់ទឹក និងស្ថានីយផ្គង់ផ្គង់ថាមពលអគ្គីសនីនៅក្នុងទីក្រុង ដែលនាំឲ្យការខាតបង់យ៉ាងច្រើន។

គួរជម្រាបថា គ្រោះទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំងនេះ បានបក់បោកទីក្រុងឆឹងទូ (Chengdu), ទីក្រុងម៉ីសាន (Meishan), និងតំបន់ដ៏ទៃទៀតដែលនៅក្នុងខេត្ត Sichuan ចាប់តាំងពីម៉ោង ៨៖០០នាទីយប់ថ្ងៃចន្ទដល់ម៉ោង ៨៖០០នាទីព្រឹកថ្ងៃអង្គារនេះ។ ជំនន់ទឹកភ្លៀងនេះ មានកម្រិតអតិបរមា ៤៤៧,៥មីលីម៉ែត្រ ដែលត្រូវបានឃ្លាំមើលនៅទីក្រុង លូសាន (Lushan)៕