(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដែលត្រូវបានសារព័ត៌មានជាច្រើន ចេញផ្សាយរួចមកហើយថា ជិតសម្រេចបានជោគជ័យ ១០០% ហើយប្រទេសហ្វីលីពីនក៏ត្រៀមខ្លួនរួចហើយដែរ ក្នុងការសាកល្បងវ៉ាក់សាំងផលិតដោយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។

ក្រៅពីការប្រកាសជំហរគាំទ្រ និងចង់ចូលខ្លួនជាអ្នកសាកល្បងវ៉ាក់សាំងរុស្ស៊ីនោះ លោក ឌូតឺតេ ក៏បង្ហាញក្តីរំពឹងផងដែរថា ហ្វីលីពីនអាចទទួលបានវ៉ាក់សាំងនេះ «ដោយមិនគិតថ្លៃ»។ ប្រទេសរុស្ស៊ីបាននិងកំពុងបង្ហាញក្តីជឿជាក់ថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) នឹងអាចសម្រេចជោគជ័យ នៅក្នុងខែសីហានេះតែម្តង ហើយរដ្ឋាភិបាលរុស្ស៊ីក៏ធ្លាប់បានបញ្ជាក់ផងដែរថា ខ្លួននឹងផ្តល់វ៉ាក់សាំងនេះ មកកាន់ប្រទេសហ្វីលីពីន ឬក៏ផ្តល់សិទ្ធិឲ្យក្រុមហ៊ុនក្នុងស្រុក របស់ហ្វីលីពីនធ្វើការផលិតបន្ត។

បុរសខ្លាំងហ្វីលីពីនខាងលើនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងប្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថាខ្ញុំមានទំនុកចិត្ត យ៉ាងធំធេងចំពោះការសិក្សានានារបស់ប្រទេសរុស្ស៊ី នៅក្នុងការប្រយុទ្ធប្រឆាំង COVID-19 ហើយខ្ញុំក៏ជឿជាក់ផងដែរថា វ៉ាក់សាំងដែលអ្នកផលិតបាន គឺពិតជាល្អសម្រាប់មនុស្សជាតិ»

គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់លោក ឌូតឺតេ ខាងលើនេះ បានកើតមានឡើងកំលុងពេលដែលហ្វីលីពីន កំពុងជួបប្រទះអត្រាឆ្លងជំងឺ COVID-19 កាន់តែខ្ពស់ឡើងៗរហូតដល់ជិត ៧,០០០នាក់ក្នុងមួយថ្ងៃ។ បច្ចុប្បន្នករណីឆ្លង COVID-19 នៅហ្វីលីពីនមានសរុប ១៣៦,៦៣៨ករណី ក្នុងនោះស្លាប់ ២,២៩៤នាក់ និងជាសះស្បើយ ៦៨,១៥៩នាក់ ជាប់លំដាប់លេខ ១ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០៕