(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា ចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៨៤៧ករណីហើយ ក្នុងនោះមនុស្ស ១៣នាក់បានបាត់បង់ជីវិត និង ៣៩៩នាក់ជាសះស្បើយឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលវៀតណាម ពេញមួយថ្ងៃចន្ទម្សិលមិញ អ្នកឆ្លង COVID-19 ថ្មីៗ ០៦នាក់ និងអ្នកស្លាប់ពីរនាក់ទៀតត្រូវបានកត់ត្រា ហើយក្នុងចំណោមអ្នកឆ្លងថ្មីៗភាគច្រើន និងអ្នកស្លាប់ជាស្ត្រីទាំង ០២នាក់នេះទៀតសោត ត្រូវបានរាយការណ៍ចេញពីទីក្រុង ដាណាង (Da Nang) ជាទីក្រុងជាប់ឆ្នេរសមុទ្រភាគកណ្តាលប្រទេស ដែលជំងឺ COVID-19 បានផ្ទុះឡើងកាលពីកំលុងខែកក្កដា កន្លងទៅ។

គួរជម្រាបថា ក្រសួងសុខាភិបាលវៀតណាម ក៏បានឱ្យដឹងទៀតដែរថា មនុស្សច្រើនជាង ១៨២,០០០នាក់ កំពុងស្ថិតនៅក្រោមការធ្វើចត្តាឡីស័ក ក្នុងនោះមាន ៥,១៣៩នាក់ នៅឯមន្ទីរពេទ្យ និង ២៨,៤០៨នាក់ នៅតាមមណ្ឌលធ្វើចត្តាឡីស័ក និងនៅផ្ទះ៕