(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយថា លោកពិតជាតក់ស្លុតយ៉ាងខ្លាំង ក្រោយទទួលបានព័ត៌មានថា មហាសេដ្ឋី និងជាចាងហ្វាងកាសែតមួយរូប គឺលោក ជីមមី ឡៃ (Jimmy Lai) ត្រូវបានអាជ្ញាធរក្រុងហុងកុងចាប់ខ្លួន នៅក្រោមច្បាប់សន្តិសុខជាតិថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសារមួយបង្ហោះលើ Twitter លោក ប៉ុមប៉េអូ ក៏បានចោទប្រកាន់ផងដែរថា ទីក្រុងប៉េកាំងកំពុងធ្វើសកម្មភាព ដែលបំផ្លាញដល់សិទ្ធិ និងសេរីភាពប្រជាជនក្នុងទីក្រុងហុងកុង។ លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជាតក់ស្លុតយ៉ាងខ្លាំង ចំពោះព័ត៌មានពាក់ព័ន្ធនឹងការចាប់ខ្លួន លោក Jimmy Lai ដែលនេះគឺជាទង្វើមួយបង្ហាញយ៉ាងច្បាស់ថា គណបក្សកុម្មយនិស្ដចិន បាននិងកំពុងបំផ្លាញសិទ្ធិ និងសេរីភាពប្រជាជនក្នុងទីក្រុងហុងកុងហើយ»

គួរជម្រាបថា លោក Jimmy Lai គឺជាម្ចាស់សារព័ត៌មាន Apple Daily និង Next Magazine ដែលជាសារព័ត៌មានគាំទ្រលទ្ធិប្រជាធិបតេយ្យ និងតែងតែចេញផ្សាយអត្ថបទរិះគន់ចំៗ ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង។ បើតាមប៉ូលិសហុងកុងម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មហាសេដ្ឋីរូបនេះត្រូវបានចាប់ខ្លួន ពីបទគប់គិតជាមួយបរទេស ដែលជាបទឧក្រិដ្ឋមួយ មានចែងក្នុងច្បាប់សន្តិសុខជាតិថ្មី ដែលចិនបានអនុម័តឲ្យប្រើនៅទីក្រុងហុងកុង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ដោយឡែកសម្រាប់ទីក្រុងប៉េកាំងវិញ នៅមិនទាន់បញ្ចេញប្រតិកម្មណាមួយ ជុំវិញការលើកឡើង និងចោទប្រកាន់ពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិក ខាងលើនេះនៅឡើយទេ៕