(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបាននាំចេញពីបន្ទប់សន្និសីទ នៅឯសេតវិមានភ្លាមៗនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បន្ទាប់ពីមានករណីបាញ់ប្រហារ នៅខាងក្រៅរបរិវេណសេតវិមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ រួមជាមួយរដ្ឋមន្ត្រីរតនាគារជាតិអាមេរិកលោក ស្ទេវិន ម៉ានូឈីន (Steve Mnuchin) និងប្រធានការិយាល័យគ្រប់គ្រងថវិកាជាតិលោក រ៉ាស់ វូក (Russ Vought) ត្រូវបាននាំចេញពីបន្ទប់ ដោយគ្មានការពន្យល់អ្វីទាំងអស់។

ដោយឡែក លោក ហ្វីលីផូស ម៉ាឡាគូ (Philipos Melaku) ជាបាតុករម្នាក់ដែលបានបោះតង់ស្នាក់នៅ ពីមុខសេតវិមានអស់រយៈពេលជាច្រើនឆ្នាំមកហើយ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោកបានលឺសំឡេងបាញ់ប្រហារនៅម៉ោងប្រហែល ៥៖៥០នាទីល្ងាចថ្ងៃចន្ទ (ម៉ោងនៅវ៉ាស៊ីនតោន)
បន្ទាប់មក លោកក៏បានលឺសំរែកមនុស្សប្រុសស្រែក ហើយភ្លាមៗនោះក៏បានចង្អុលកាំភ្លើងប្រភេទ AR-15 សំដៅមក មនុស្សយ៉ាងហោចណាស់ ៨-៩នាក់ ខណៈដែលពួកគេកំពុងរត់។

ក្រោយឧប្បត្តិហេតុបាញ់ប្រហារចប់សព្វគ្រប់ លោក ត្រាំ បានវិលត្រឡប់ទៅបន្ទប់សន្និសីទវិញ និងបានបញ្ជាក់ថា មនុស្សម្នាក់ត្រូវបានបាញ់ឲ្យរងរបួស ដោយកងកម្លាំងសន្តិសុខហើយត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ប៉ុន្តែលោកមិនទាន់ដឹងពីស្ថានភាព របស់អ្នករងរបួសនៅឡើយទេ។ លោក ត្រាំ បានបន្តទៀតថា លោកមិនបានដឹងអំពីអត្តសញ្ញាណ ឬបំណងរបស់ជនដៃដល់ ហើយវាប្រហែលជាមិនមានជាប់ពាក់ពន្ធ័នឹងលោកនោះទេ៕