(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានកាណ៍ COVID-19 របស់ប្រទេសថៃ (CCSA) បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនបានសម្រេចចិត្តនឹងអនុញ្ញាតឲ្យអ្នកគាំទ្រ ចូលរួមទស្សនាព្រឹត្តិការណ៍កីឡា ក៏ដូចជាអនុញ្ញាតឲ្យពាណិជ្ជករចិនចូលប្រទេសខ្លួន ដើម្បីនាំចេញផ្លែឈើផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន ស៊ីនហួរ នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។

អ្នកនាំពាក្យ CCSA លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បាននិយាយថា ប្រទេសថៃបានឆ្លងកាត់រយៈ៨០ថ្ងៃ ដោយគ្មានករណីឆ្លង COVID-19 ដែលត្រូវបាន ជឿជាក់ថាមានសុវត្ថិភាពសម្រាប់អ្នកចូលរួមទស្សនាព្រឹត្តិការណ៍កីឡាធំៗ ប្រសិនបើព្រឹត្តការណ៍កីឡានេះ ត្រូវបានធ្វើឡើងនៅក្នុងប្រទេស។ លោកវេជ្ជបណ្ឌិត បន្ថែមទៀតថា CCSA ក៏បានអនុញ្ញាតឲ្យពាណិជ្ជករចិន វិលត្រឡប់មកប្រទេសថៃវិញ ដើម្បីនាំចេញនូវផ្លែឈើ ក្នុងការជួយដល់កសិករថៃផងដែរ។ តែទោះជាយ៉ាងណា អ្នកដំណើរចិនត្រូវឆ្លងកាត់ការត្រួតពិនិត្យ COVID-19 យ៉ាងតឹងរឹងបំផុត និងត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដោយការចំណាយផ្ទាល់ខ្លួន។

គួរបញ្ជាក់ គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុបចំនួន ៣,៣៥១ករណី ក្នុងនោះមានអ្នកស្លាប់ ៥៨នាក់ និងជាសះស្បើយ ៣,១៦០នាក់៕