(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Cui Tiankai បាននិយាយថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ប្រឆាំងនឹងក្រុមហ៊ុនចិន រួមមានទាំងក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម TikTok និងគួរតែផ្ដល់ឲ្យពួកគេនូវឱកាសប្រកួតប្រជែងទីផ្សារដោយស្មើភាព។ នេះបើយោង តាមការចេញផ្សាយដោយសារពត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។

លោក Cui Tiankai បានច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលអាមេរិកដែលថាក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម TikTok អាចចែករំលែកទិន្នន័យអ្នកប្រើប្រាស់ ឱ្យរដ្ឋាភិបាលចិន។ ថ្លែងនាឱកាសចូលរួមវេទិកាសន្តិសុខ Aspen ឆ្នាំ២០២០ នៅថ្ងៃទី០៤ ខែសីហានោះ លោកអគ្គរដ្ឋទូតចិន បានលើកឡើងដូច្នេះថា៖ « ខ្ញុំមិនគិតថា មានភស្តុតាងណាមួយ ដែលបញ្ជាក់ថាក្រុមហ៊ុនទាំងនោះ បានចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ដល់រដ្ឋាភិបាលចិននោះទេ ពួកគេ (សហរដ្ឋអាមេរិក) បានចោទប្រកាន់បែបនេះ ប៉ុន្តែពួកគេមិនដែលបង្ហាញភស្តុតាងណាមួយឡើយ»

លោកបានបន្តទៀតថា៖ «វាមិនយុត្តិធម៌ទេ ក្នុងការចោទប្រកាន់ដោយមិនផ្ដល់ភស្តុតាងបែបនេះ ហើយថាចិន មិនបានផ្ដល់ឱកាសដល់ក្រុមហ៊ុនអាមេរិកនូវការប្រកួត ប្រជែងទីផ្សារ ខណៈដែលពួកគេខ្លួនឯងបានបដិសេធក្រុមហ៊ុនចិន នូវឱកាសប្រកួតប្រជែងដោយស្មើភាពនេះ»

គួរជម្រាបថា បណ្ដាញទំនាក់ទំនងសង្គម TikTok ត្រូវបានគេទាញយកជាង ១៧៥លានដងនៅសហរដ្ឋអាមេរិក និងជាង ១ពាន់លានដងនៅទូទាំងពិភពលោក។ បានចាប់យកពត៌មានជាច្រើនពីអ្នកប្រើប្រាស់របស់ខ្លួនដោយស្វ័យប្រវត្តិដែលបង្កហានិភ័យដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ នេះអាចជាហេតុដែលនាំឲ្យលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយបង្គាប់ឱ្យក្រុមហ៊ុនអាមេរិកបញ្ឈប់ការធ្វើប្រតិបត្តិការ ឬចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ByteDance ដោយទុកពេល៤៥ថ្ងៃ ឱ្យក្រុមហ៊ុនចិនមួយនេះលក់បណ្ដាញទំនាក់ទំនងសង្គម TikTok របស់ខ្លួន ឱ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នេះទេ TikTok មិនអាចបន្តប្រតិបត្តិការខ្លួននៅអាមេរិកបានទៀតទេ។

បន្ថែមពីលើនេះ លោក ត្រាំ ក៏បានចាត់វិធានការស្រដៀងគ្នានេះដើម្បីហាមឃាត់កម្មវិធី WeChat ដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនធិនសេន (Tencent) ផងដែរ៕