(វែលីងតុន)៖ រដ្ឋមន្ត្រីលំនៅឋាននូវែលហ្សេឡង់លោកស្រី មេហ្គាន វូដស៍ (Megan Woods) បានប្រកាសថា ចាប់ពីថ្ងៃស្អែកនេះតទៅ អ្នកដែលត្រឡប់ពីបរទេសវិញ នឹងត្រូវបង់ថ្លៃសម្រាប់ការធ្វើចត្តាឡីស័ក។ នេះបើតាមការចេញផ្សាយ​ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា វិធានការថ្មីនេះនឹងរក្សាសិទ្ធិ របស់ប្រជាជននូវែលសេឡង់ សម្រាប់ការវិលត្រលប់ចូលក្នុងប្រទេសវិញ និងជួយកាត់បន្ថយសម្ពាធលើការគ្រប់គ្រង នៅតាមមណ្ឌលធ្វើចត្តាឡីស័ក ដោយសារតែការចំណាយនឹងក្លាយជាបន្ទុកមួយផ្នែក សម្រាប់អ្នកដែលធ្វើដំណើរចេញ និងចូលប្រទេសក្នុងគោលបំណងលំហែកាយ ឬអាជីវកម្មផ្សេងៗ។

ដោយឡែកសម្រាប់អ្នកដែលមានបំណង ធ្វើដំណើរចូលប្រទេសវិញ តែមិនមានលទ្ធភាពលើការចំណាយសម្រាប់ធ្វើចត្តាឡីស័ក ក៏នៅតែអាចត្រឡប់មកផ្ទះវិញបានដដែល។ ការលើកលែងនេះ គឺសម្រាប់តែក្រុមមនុស្ស​ប្រភេទមួយចំនួនប៉ុណ្ណោះ ដោយផ្អែកលើផលលំបាកផ្នែកហិរញ្ញវត្ថុ និងក្នុងកាលៈទេសៈពិសេសផ្សេងៗ​ទៀតផងដែរ ដូចមានចែងក្នុងបែបបទ​នៃករណីដែលត្រូវលើកលែង។

គួរបញ្ជាក់ថា វិធានការថ្មីនេះរួមមាន៖ បន្ទប់មួយសម្រាប់មនុស្សម្នាក់ ត្រូវបង់ ២,០៤១ដុល្លារអាមេរិក, បន្ទប់រួមសម្រាប់មនុស្សធំ ត្រូវបង់ប្រហែល ៦២៥ដុល្លារអាមេរិក និងសម្រាប់កុមារត្រូវបង់ប្រហែល ៣១២ដុល្លារអាមេរិក។ វិធានការថ្មីនេះនឹងជួយរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យសុខភាពសាធារណៈរបស់យើង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ នេះបើយោងតាមសម្តីរបស់លោកស្រី Woods៕