(តៃប៉ិ)៖ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក អេឡិច អាហ្សារ (Alex Azar) បានជួបពិភាក្សាជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) ហើយនៅថ្ងៃចន្ទនេះ ដោយបានពំានាំមកជាមួយនូវការសន្យា គាំទ្រយ៉ាងពេញទំហឹង និងបង្កើនទំនាក់ទំនងមិត្តភាពជាមួយកោះតៃវ៉ាន់ ពីសំណាក់ប្រធានាធិបតីអាមរិកលោក ដូណាល់ ត្រាំ ហើយក៏បានកោតសរសើរតៃវ៉ាន់ ក្នុងការដោះស្រាយការឆ្លងរាតត្បាត COVID-19 ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Guardian នៅរសៀលថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។

ជំនួបរវាងលោក Alex Azar និងលោកស្រី Tsai Ing-wen ក្នុងទីក្រុងតៃប៉ិ បានប្រព្រឹត្តទៅតាមការគ្រោងទុក ទោះបីជាទីក្រុងប៉េកាំងបានព្រមានធ្ងន់ៗថា ដំណើរទស្សនកិច្ចនេះ កំពុងធ្វើឲ្យទំនាក់ទំនងនៃមហាអំណាចសេដ្ឋកិច្ចទាំងពីរ កាន់តែធ្លាក់ចុះដល់កម្រិតដុនដាប ថ្មីមួយទៀតក៏ដោយ។
នៅក្នុងជំនួបខាងលើនេះ លោករដ្ឋមន្ត្រីសុខាភិបាលអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការឆ្លើយតបរបស់កោះតៃវ៉ាន់ ទៅនឹងជំងឺ COVID-19 បានស្ថិតនៅក្នុងចំណោមភាពជោគជ័យនានា នៅក្នុងពិភពលោក និងជារឿងគួរឱ្យកោតសរសើរ....»។ លោក Alex Azar បានបន្ថែមទៀតថា ភាពក្លាហាន និងចក្ខុវិស័យរបស់លោកស្រី Tsai ក្នុងការដឹកនាំប្រជាធិបតេយ្យដ៏រស់រវើកគឺជាគំរូ និងការជំរុញលើកទឹកចិត្តមួយដល់តំបន់ និងពិភពលោកទាំងមូល។

គួរជម្រាបថា បន្ទាប់ពីជួបពិភាក្សាជាមួយប្រធានាធិបតីតៃវ៉ាន់ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Alex Azar ក៏បានបន្តជួបជាមួយរដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់ លោក ឈិន ស៊ីជុង (Chen Shih-chung) និងរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក ចូសិប វូ (Joseph Wu) ផងដែរ។ ដំណើរបំពេញទស្សនកិច្ចរបស់មន្ត្រីជាន់អាមេរិកបែបនេះ គឺជារឿងមិនធ្លាប់មាន នោះឡើយ គិតចាប់តាំងពីសហរដ្ឋអាមេរិក បានកាត់ផ្តាច់ទំនាក់ទំនងផ្លូវការ ជាមួយកោះតៃវ៉ាន់នៅឆ្នាំ១៩៧៩ ដើម្បីងាកមកគាំទ្រនយោបាយចិនតែមួយ ដែលចាត់ទុកកោះតៃវ៉ាន់ ត្រឹមតែជាខេត្តមួយរបស់ប្រទេសចិននោះ៕