(ញូដេលី)៖ យោងតាមទិន្នន័យថ្មីចេញផ្សាយដោយ​ក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនឡើងដល់ ២,២១៥,០៧៤ករណីហើយ ក្នុងអ្នកស្លាប់សរុបមានចំនួន ៤៤,៣៨៦នាក់។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៦២,០៦៤ករណី និងអ្នកស្លាប់ថ្មីចំនួន ១,០០៧នាក់បន្ថែមទៀត ហើយបច្ចុប្បន្ននេះ ករណីសកម្មមានចំនួន ៦៣៤,៩៤៥នាក់ ខណៈអ្នកជម្ងឺចំនួន ១,៥៣៥,៧៤៣នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាត​ឲ្យចាកចេញពីមន្ទីរពេទ្យ។

ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តឥណ្ឌា (ICMR) បាននិយាយនៅថ្ងៃចន្ទនេះថា សំណាកសរុបចំនួន ២៤,៥៨៣,៥៥៨នាក់​ត្រូវបានធ្វើតេស្តនៅទូទាំងប្រទេស ក្នុងនោះមានសំណាកចំនួន ៤៧៧,០២៣នាក់ត្រូវបានធ្វើតេស្តកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ យោងតាម ICMR បានឲ្យដឹងទៀតថា មន្ទីរពិសោធន៍នាពេលបច្ចុប្បន្នមានចំនួន ១,៤០៦កន្លែង ក្នុងនោះ ៩៤១កន្លែងស្ថិតក្នុងវិស័យរដ្ឋាភិបាល និង ៤៦៥កន្លែងស្ថិតក្នុងវិស័យឯកជន។

គួរបញ្ជាក់ថា បើមើលទៅលើសន្ទុះនៃការឆ្លង​ខាងលើនេះគឺមានន័យថា ឥណ្ឌាកាន់តែមានភាពធ្ងន់ធ្ងរឡើងៗទាំងទៅលើករណីឆ្លង និងករណីស្លាប់ថ្មីៗជាប្រចាំថ្ងៃ ប៉ុន្តែអត្រាស្លាប់របស់ឥណ្ឌា នៅទាបជាងប្រទេសធំៗមួយចំនួនឆ្ងាយ បើយើងប្រៀបធៀបទៅនឹងអត្រាឆ្លង។ បច្ចុប្បន្នឥណ្ឌាកំពុងតែរំពឹង​ទៅលើការអភិវឌ្ឍន៍​វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា និងបង្កើនការផលិតថ្នាំព្យាបាល COVID-19 ព្រមទាំងសមត្ថភាពនៃការធ្វើតេស្ត៕