(តៃប៉ិ)៖ ក្រសួងការពារជាតិ នៃកោះតៃវ៉ាន់បានឱ្យដឹងថា យន្ដហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះឆ្វែល និងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងរយៈពេលខ្លី មុននឹងត្រូវបាន កងទ័ពអាកាសតៃវ៉ាន់ បណ្ដេញចេញពីដែនអាកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។

បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះចម្បាំងចិន ក៏ត្រូវបានចាប់សញ្ញាដោយ ប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះចម្បាំង របស់កោះតៃវ៉ាន់ផងដែរ ហើយឧបទ្ទវហេតុនេះ បានកើតឡើងនៅព្រឹកថ្ងៃចន្ទនេះតែម្ដង និងចំពេលដែលរដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក អេឡិច អាហ្សា (Alex Azar) កំពុងបំពេញដំណើរទស្សនកិច្ច ជាប្រវត្តិសាស្ត្រមកកាន់កោះតៃវ៉ាន់។

ដំណើរទស្សនកិច្ចរបស់លោក Alex Azar ត្រូវបានចិនថ្កោលទោសយ៉ាងខ្លាំង ជាមួយការព្រមានធ្ងន់ៗថា ទង្វើរបស់សហរដ្ឋអាមេរិក កំពុងធ្វើឲ្យទំនាក់ទំនង នៃមហាអំណាចសេដ្ឋកិច្ចទាំងពីរ កាន់តែធ្លាក់ចុះដល់កម្រិតដុនដាបថ្មីមួយទៀត។ ដំណើរបំពេញទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ ខាងលើនេះ គឺជារឿងមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីសហរដ្ឋអាមេរិក បានកាត់ផ្តាច់ទំនាក់ទំនងផ្លូវការ ជាមួយកោះតៃវ៉ាន់នៅឆ្នាំ១៩៧៩ ដើម្បីងាកមកគាំទ្រ នយោបាយចិនតែមួយ ដែលចាត់ទុកកោះតៃវ៉ាន់ ត្រឹមតែជាខេត្តមួយរបស់ប្រទេសចិននោះ។

គួរបញ្ជាក់ថា ភ្លាមៗបែបនេះ ទីក្រុងប៉េកាំងមិនទាន់បញ្ចេញប្រតិកម្មអ្វី ទៅនឹងការអះអាងរបស់ក្រសួងការពារជាតិតៃវ៉ាន់នោះទេ៕