(ហុងកុង)៖ មហាសេដ្ឋីខាងប្រព័ន្ធផ្សព្វផ្សាយ ក្នុងទីក្រុងហុងកុង លោក ជីមមី ឡៃ (Jimmy Lai) ដែលជាមនុស្សម្នាក់តែងតែរិះគន់រដ្ឋាភិបាលទីក្រុងប៉េកាំង ឥតសំចៃមាត់ ត្រូវបានអាជ្ញាធរចាប់ខ្លួនហើយនៅថ្ងៃចន្ទនេះ ក្រោមច្បាប់សន្តិសុខជាតិថ្មី ពីបទគប់គិតជាមួយបរទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។

លោក ម៉ាក ស៊ីម៉ុន (Mark Simon) ជាមនុស្សជំនិតម្នាក់របស់លោក Jimmy Lai បានប្រាប់ព័ត៌មានពីការចាប់ខ្លួនខាងលើ ប្រាប់សារព័ត៌មាន AFP។ លោក Simon បានបញ្ជាក់យ៉ាងដូច្នេះថា «ពួកគេបានចាប់ខ្លួនលោក Jimmy Lai) នៅឯផ្ទះរបស់លោកនៅម៉ោង ៧៖០០នាទីព្រឹកមិញនេះ ហើយសមាជិកមួយចំនួនទៀត នៃក្រុមហ៊ុនផ្សព្វផ្សាយរបស់លោក ក៏ត្រូវបានចាប់ខ្លួនផងដែរ»

គួរបញ្ជាក់ថា លោក Jimmy Lai គឺជាម្ចាស់សារព័ត៌មាន Apple Daily និង Next Magazine ដែលជាសារព័ត៌មានគាំទ្រលទ្ធិប្រជាធិបតេយ្យ និងតែងតែចេញផ្សាយអត្ថបទរិះគន់ចំៗ ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង។ បើតាមប៉ូលិសហុងកុងម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មហាសេដ្ឋីរូបនេះត្រូវបានចាប់ខ្លួន ពីបទគប់គិតជាមួយបរទេស ដែលជាបទឧក្រិដ្ឋមួយ មានចែងក្នុងច្បាប់សន្តិសុខជាតិថ្មី ដែលចិនបានអនុម័តឲ្យប្រើនៅទីក្រុងហុងកុង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០៕