(តៃប៉ិ)៖ រដ្ឋមន្ត្រីសុខាភិបាលអាមេរិកលោក អេឡិច អាហ្សា (Alex Azar) ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) និងមន្ត្រីក្រោមឱវាទលោកស្រី មួយចំនួនទៀត នៅថ្ងៃចន្ទនេះ បន្ទាប់ពីទីក្រុងប៉េកាំង បានព្រមានធ្ងន់ៗថា ទង្វើរបស់សហរដ្ឋអាមេរិក កំពុងធ្វើឲ្យទំនាក់ទំនងនៃមហាអំណាចសេដ្ឋកិច្ចទាំងពីរ កាន់តែធ្លាក់ចុះដល់ កម្រិតដុនដាបថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។

ដំណើរបំពេញទស្សនកិច្ចរបស់ មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ ខាងលើនេះ គឺជារឿងមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីសហរដ្ឋអាមេរិក បានកាត់ផ្តាច់ទំនាក់ទំនងផ្លូវការ ជាមួយកោះតៃវ៉ាន់នៅឆ្នាំ១៩៧៩ ដើម្បីងាកមកគាំទ្រនយោបាយចិនតែមួយ ដែលចាត់ទុកកោះតៃវ៉ាន់ ត្រឹមតែជាខេត្តមួយរបស់ប្រទេសចិននោះ។

បន្ទាប់ពីជួបពិភាក្សាជាមួយប្រធានាធិបតីតៃវ៉ាន់ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Alex Azar ក៏នឹងបន្តជួបជាមួយរដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់លោក ឈិន ស៊ីជុង (Chen Shih-chung) និងរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក ចូសិប វូ (Joseph Wu) ផងដែរ។

គួរបញ្ជាក់ថា យន្តហោះរបស់លោករដ្ឋមន្ត្រីសុខាភិបាលអាមេរិក Alex Azar បានមកទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ០៣ថ្ងៃ។ ទោះបីជាមានការព្រមាន និងថ្កោលទោសធ្ងន់ៗពីចិនក្តី ក៏សហរដ្ឋអាមេរិកបានអះអាងថា ទស្សនកិច្ចលើនេះគឺជាការលើកស្ទួយ ទំនាក់ទំនងខាងផ្នែកសុខាភិបាល រវាងអាមេរិក និងតៃវ៉ាន់ ព្រោះកោះតៃវ៉ាន់ត្រូវបានចាត់ទុកថា ទទួលបានជោគជ័យក្នុងការទប់ស្កាត់វីរុសកូរ៉ូណា មិនឲ្យរីករាតត្បាតតាំងពីដំបូងៗ ហើយប្រការនេះមានន័យថា សហរដ្ឋអាមេរិក ចង់ដកស្រង់បទពិសោធន៍ពីកោះតៃវ៉ាន់៕