(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង គិតចាប់តាំង ពីថ្ងៃសៅរ៍សប្ដាហ៍មុនមក គឺបានកើនដល់៣០នាក់ហើយ ខណៈ១២នាក់នៅបន្តបាត់ខ្លួន និង០៨នាក់ទៀតបានរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០។

មកទល់នឹងពេលនេះ ធ្លាក់ភ្លៀងយ៉ាងជោគជាំ បានបន្តរីកដាលដាលពីភាគកណ្តាលប្រទេសកូរ៉េខាងត្បូង រួមមានទាំងទីក្រុងសេអ៊ូល និងទីក្រុងធំៗដែលនៅជុំវិញនោះ ទៅដល់តំបន់ភាគខាងត្បូងប្រទេសបន្ថែមទៀត។

បើតាមអាជ្ញាធរកូរ៉េខាងត្បូង ប្រជាជនសរុបកើនដល់ ៥,៩៧១នាក់ ដែលមកពី៣,៤៨៩គ្រួសារ ត្រូវបានបង្ខំឲ្យជម្លៀសចេញពីលំនៅឋាន ទូទាំងប្រទេសកូរ៉េខាងត្បូង ហើយក្នុងចំណោមនោះ មនុស្ស ៤,៦១៧នាក់ មិនទាន់អាចត្រឡប់ទៅផ្ទះពួកគេវិញបាននៅឡើយទេ។ រីឯ ផ្ទៃដីកសិកម្ម ៩,៣០០ហិកតា ត្រូវបានជន់លិច ខណៈ ទ្រព្យសម្បតិ្តដែលត្រូវបានខូចខាតមានចំនួន ៩,៤៩១ករណី ដែលក្នុងនោះមានទ្រព្យសម្បតិ្តឯកជនចំនួន ៤,២៣៤ករណី និងទ្រព្យសម្បតិ្តសាធារណៈចំនួន ៥,២៥៧ករណី។

ទន្ទឹមនឹងនេះដែរ ផ្ទះសម្បែង ជម្រកសត្វ កន្លែងស្តុកទំនិញ និងរោងចក្រជាដើម ក៏ត្រូវបានជន់លិច ខណៈដែលផ្លូវថ្នល់ ផ្លូវដែក ស្ពាន និងអាងស្តុកទឹក បានរងការខូចខាត។ ប៉ុន្តែ ៧៣ភាគរយនៃទ្រព្យសម្បតិ្តដែលខូចខាតទាំងនោះ ត្រូវបានស្ដារឡើងវិញក្នុងលក្ខណៈបន្ទាន់ រួចហើយផងដែរ៕