(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់នៃស្ថាប័នទប់ស្កាត់អំពើចារកម្ម នៃសហរដ្ឋអាមេរិក បានព្រមាននៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)​ ថា ប្រទេសរុស្ស៊ី ចិន និងអ៉ីរ៉ង់​នឹងព្យាយាមលូកលាន់ ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក​នៅខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងនោះរុស្ស៊ីកំពុងតែជួយជ្រោមជ្រែង ឲ្យបេក្ខភាពប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យលោក ចូ បៃដិន ទទួលបានជ័យជម្នះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍ ជាសាធារណៈដែលកម្រមាន លោក វីលៀន អ៉ីវ៉ានីណា (William Evanina) នាយកមជ្ឈមណ្ឌលសន្តិសុខ និងទប់ទល់អំពើចារកម្មជាតិអាមេរិក (NCSC) បានលើកឡើងថា បណ្តាប្រទេសដូចបានរៀបរាប់ខាងលើនេះ បាននិងកំពុងព្យាយាមប្រើប្រាស់​ព័ត៌មានក្លែងក្លាយនៅតាមប្រព័ន្ធអនឡាញ និងមធ្យោបាយមួយចំនួនទៀត ដើម្បីពង្វក់អ្នកបោះឆ្នោតនៅអាមេរិក ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់​ទំនុកចិត្តរបស់ពួកគេ ទៅលើប្រព័ន្ធដំណើរការ​នៃលទ្ធិប្រជាធិបតេយ្យជាដើម។

លោក Evanina បានលើកឡើងយ៉ាងដូច្នេះថា «យើងអាចវាយតម្លៃបានថា ប្រទេសចិនចង់ឲ្យលោក ដូណាល់ ត្រាំ ដែលកន្លងមកពិបាកស្មានថា ជាប់ ឬធ្លាក់នោះ មិនជាប់ឆ្នោតមួយអាណត្តិទៀតឡើយ»។ មន្ត្រីទប់ទល់ចារកម្មរូបនេះ បានសង្កត់ធ្ងន់ទៀតថា ប្រទេសចិនកំពុងតែបញ្ចេញឥទ្ធិពលរបស់ខ្លួន នៅមុនការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ តាមរយៈការសម្លឹងមើលស្ថានការណ៍ជារួម ​នៅក្នុងសហរដ្ឋអាមេរិក, ដាក់សម្ពាធលើអ្នកនយោបាយណា ដែលខ្លួនមើលឃើញថា មានជំហរបំផ្លាញផលប្រយោជន៍ចិន និងវាយបកក្រុមដែលរិះគន់ទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាន់ខែខិតជិតមកដល់ខ្លាំងមែនហើយ។ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ពលរដ្ឋអាមេរិក​នឹងត្រូវចេញទៅបោះឆ្នោត តាមប្រអប់សំបុត្រប្រៃសនីយ៍ ដើម្បីជ្រើសរើសបេក្ខជនចំនួនពីររូបនោះគឺលោក ដូណាល់ ត្រាំ មកពីបក្សសាធារណរដ្ឋ និងលោក ចូ បៃដិន មកពីបក្សប្រជាធិបតេយ្យ៕