(ញូដេលី)៖ អាកាសចរណ៍ Air India Express បានប្រកាសនៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះថា មនុស្សស្លាប់ដោយសារតែគ្រោះថ្នាក់ ពេលចុះយន្តហោះរបស់ខ្លួនមួយគ្រឿងនៅរដ្ឋ ឃើរ៉ាឡា (Kerala) ភាគខាងជើងប្រទេសឥណ្ឌា បានកើនឡើងដល់ ១៧នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅមុននេះបន្តិច។

នៅក្នុងចំណោមអ្នកស្លាប់ទាំង ១៧នាក់ខាងលើនេះគឺមាន ០២នាក់ជាក្រុមអាកាសយានិកនៅលើលើយន្តហោះតែម្តង និង ១៥នាក់ជាអ្នកដំណើរ ខណៈអ្នកបម្រើការងារ ០៤នាក់ទៀត មិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។ អាជ្ញាធរឥណ្ឌា បានបញ្ជូនយន្តហោះសង្គ្រោះ ពីទីក្រុងម៉ុបៃ និងញូដេលី ទៅកាន់រដ្ឋ Kerala ក្រោយហេតុការណ៍ យន្តហោះចុះចតខុសបច្ចេកទេស និងបណ្តាលឲ្យធ្លាក់អូសដាច់ខ្លួនជាពីរកំណាត់ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃសុក្រ។

បើតាមអាកាសចរណ៍ Air India Express នៅលើយន្តហោះនោះមានមនុស្សពេញវ័យដល់វ័យចំណាស់ចំនួន ១៧៤នាក់, ទារក ១០នាក់, អាកាសយានិកពីរនាក់ និងអ្នកបម្រើការងារ (អូតេះ) ចំនួន ០៤នាក់។ យន្តហោះខាងលើនេះ មានជើងហោះហើរលេខ IX 1344 ជាប្រភេទ Boeing 737 ធ្វើដំណើរពីទីក្រុងឌូបៃ របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម សំដៅមកទីក្រុង កូហ្ស៊ូខូឌី (Kozhikode) ប៉ុន្តែពេលមកដល់អាកាសយានដ្ឋានទីក្រុងនេះ វាក៏បានចុះខុសផ្លូវព្រលាន និងអូសខ្លួនដាច់ជាពីរកំណាត់តែម្តង។ អាជ្ញាធរឥណ្ឌា កំពុងធ្វើការស៊ើបអង្កេតលើករណីនេះ៕