(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចចិត្តដាក់ទណ្ឌកម្មលើអភិបាលទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) និងមន្ត្រីក្រោមឱវាទមួយចំនួនទៀត ពីបទបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិសេរីភាពផ្នែកនយោបាយ នៃប្រជាជនរស់នៅលើទឹកដី ទីក្រុងស្វយ័តរបស់ចិនមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០។

ការកត់ឈ្មោះផ្នាក់ដឹកនាំកំពូលៗរបស់ហុងកុង ខាងលើនេះចូលទៅក្នុងបញ្ជីខ្មៅ បានកើតមានឡើង ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃខែកក្កដាកន្លងទៅនេះ បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ទណ្ឌកម្មចិន ដែលបានបញ្ចេញច្បាប់សន្តិសុខជាតិថ្មី និងដាក់ឲ្យអនុវត្តជាផ្លូវការលើទីក្រុងស្វយ័តមួយនេះ។

បើតាមប្រភពពីសេតវិមានអាមេរិក លោកស្រី ខារី ឡាំ, អគ្គស្នងការប៉ូលិសហុងកុងលោក គ្រីស ថាំង (Chris Tang) ព្រមទាំងមន្ត្រីសន្តិសុខ និងយុត្តិធម៌ជាន់ខ្ពស់នៅទីក្រុងនេះ ត្រូវបានបង្កកទ្រព្យសម្បត្តិដែលពួកគេមាន ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ហើយជនជាតិអាមេរិកាំងនានា មិនអាចធ្វើទំនាក់ទំនងពាណិជ្ជកម្ម ជាមួយមន្ត្រីហុងកុងទាំងអស់នេះបានទៀតឡើយ។

នៅមុននេះបន្តិច រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានលើកឡើងថា ការដាក់ទណ្ឌកម្មថ្មីលើមន្ត្រីជួរមុខទីក្រុងហុងកុងនេះ គឺជាសារយ៉ាងច្បាស់មួយ ផ្ញើទៅកាន់ទីក្រុងប៉េកាំងថា អ្វីដែលបានកើតឡើងនៅទីក្រុងហុងកុង គឺជារឿងដែលមិនអាចទទួលយកបាន។ បន្ថែមពីនេះ លោក ប៉ុមប៉េអូ ក៏បានអះអាងទៀតថា អាមេរិកមិនអាចឈរនៅស្ងៀមនោះឡើយ នៅពេលឃើញប្រជាជនទីក្រុងហុងកុង រងគ្រោះដោយដៃបក្សកុម្មុយនិស្តចិន។

គួរបញ្ជាក់ថា ទាំងទីក្រុងហុងកុង និងទីក្រុងប៉េកាំង មិនទាន់បញ្ចេញប្រតិកម្មណាមួយ ចំពោះទង្វើរបស់សហរដ្ឋអាមេរិក ខាងលើនេះឡើយ ប៉ុន្តែវានឹងអាចកើតមានឡើង នៅក្នុងពេលឆាប់ៗនេះ៕