(ញូដេលី)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍ Air India Express ដែលដឹកអ្នកដំណើរ១៩១នាក់ បានជួបបញ្ហាពេលចុះចតនៅព្រលានយន្តហោះក្នុងទីក្រុង Calicut នៃរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សយ៉ាងតិច២នាក់ស្លាប់ និង៣៥នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។

អ្នកនាំពាក្យអាកាសចរណ៍ Air India បានបញ្ជាក់ថា ហេតុការណ៍ខាងលើបានកើតឡើងនាយប់ថ្ងៃសុក្រនេះ នៅពេលយន្តហោះ Air India Express មួយគ្រឿងនោះ ដែលមានប្រភពមកពីទីក្រុង Dubai នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានរត់ជ្រុលហួសចេញពីផ្លូវ ពេលចុះចតរហូតធ្វើឲ្យតួយន្តហោះដាច់ជាពីរកំណាត់ ហើយអ្នកដំណើរមួយចំនួនស្លាប់​ និងរងរបួស៕