(ម៉ូស្គូ)៖ កាសែតផ្លូវការនៃយោធារុស្ស៊ី បានរាយការណ៍នៅថ្ងៃសុក្រនេះថាយោធារុស្ស៊ីបានប្រទះឃើញយន្ដហោះបរទេសចំនួន ៣២គ្រឿងដែលបានធ្វើសកម្មភាព ឈ្លបយកការណ៍ នៅជិតៗដែនអាកាសរបស់រុស្ស៊ី កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Spuntnik នាព្រឹកថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។

សហរដ្ឋអាមេរិក និងអង្គការណាតូ (NATO) ជាញឹកញាប់តែងតែ បញ្ជូនយន្តហោះ និងយន្តហោះគ្មានមនុស្សបើក ដើម្បីឈ្លបយកការណ៍នៅតាមបណ្តោយព្រំដែន ជាមួយប្រទេសរុស្ស៊ី ដូចជានៅតំបន់បាល់ទិក (Baltic) និងសមុទ្រខ្មៅជាដើម (Black Sea)។ កងកម្លាំងការពារដែនអាកាសរុស្ស៊ីបានឲ្យដឹងថា ខ្លួនតែងតែឃ្លាំមើលជាប្រចាំ និងតាមដានយន្ដហោះរបស់អង្គការណាតូ រាប់រយគ្រឿង ដែលកំពុងធ្វើប្រតិបត្តិការនៅតាមបណ្តោយព្រំដែន ហើយម្តងម្កាលបានបញ្ជូនយន្តហោះចម្បាំង ដើម្បីរារាំងយន្ដហោះទាំងនោះ មិនឲ្យចូលក្នុងដែនអាកាសរុស្ស៊ីដាច់ខាត។

គួរបញ្ជាក់ថា ទីក្រុងម៉ូស្គូបានប្រកាស ថ្កោលទោសជាច្រើនដងរួចមកហើយ ចំពោះសកម្មភាពរបស់អាមេរិក និងអង្គការណាតូ ដែលជារឿយៗធ្វើសមយុទ្ធយោធា និងសកម្មភាពឈ្លបយកការណ៍ នៅតាមតំបន់ក្បែរព្រំដែន និងបានហៅអាកប្បកិរិយាបែបនេះថា ជាការបង្កឲ្យមានភាពតានតឹង។ ដោយឡែកអង្គការណាតូវិញ បានបដិសេធចំពោះការចោទប្រកាន់ខាងលើ៕